នៅពេលនិយាយពីតារាសិល្បៈចិនដែលមានសំណាងខ្លាំងបំផុតកើតនៅក្នុងគ្រួសារមហាសេដ្ឋី ជាទូទៅគ្រប់គ្នាតែងតែបានដឹងជាស្រេចថា តារាមកពីគ្រួសារមហាសេដ្ឋីទាំងនោះ មានដូចជាលោក Wu Chun, លោក Raymond Lam, ហើយលោកNathan Hartono។ ប៉ុន្តែប្រហែលពួកគេមិនបានដឹងថា តារាភាពយន្តចិន លោក Shi Xiao Long ដែលមានវត្តមានជាតួអង្គសម្តែងនៅក្នុងខ្សែរភាពយន្តចិនល្បីឈ្មោះតាំងពីលោកនៅវ័យកុមារ មានដូចជារឿង «Shaolin Popey II: Messy Temple» ឆ្នាំ១៩៩៤ និងរឿង Ten Brothers ឆ្នាំ១៩៩៥ នោះ លោកក៏ជាតារាភាពយន្តម្នាក់មកពីគ្រួសារមហាសេដ្ឋី។
ទោះជាតារាភាពយន្ត Shi Xiaolong (មានឈ្មោះដើមថា Ashton Chen Xiaolong) អាយុ៣៤ឆ្នាំ កម្របើកបង្ហាញជាសាធារណៈពីប្រវត្តិគ្រួសាររបស់លោកក៏ដោយ ក៏បណ្តាសារព័ត៌មានក្នុងស្រុករបស់ប្រទេសចិន បានអោយដឹងថា លោក Chen Tongshan ដែលជាឳពុករបស់តារាភាពយន្តចិនរូបនេះ គឺជាកំពូលមហាសេដ្ឋីមួយរូបរបស់ប្រទេសចិន ជាម្ចាស់ក្រុមហ៊ុនចំនួន៩ក្រុមហ៊ុន ដែលក្នុងចំណោមបណ្តាក្រុមហ៊ុនទាំងនោះក៏មានទាំងក្រុមហ៊ុនភាពយន្តផងដែរ។
ប៉ុន្តែតារាភាពយន្ត Xiaolong មិនមែនធំធាត់ឡើងមកដោយការទម្រើស ជាកូនមហាសេដ្ឋី ឡើយ។ នៅពេលលោកមានអាយុ២ឆ្នាំ ឳពុករបស់លោកគឺលោក Chen Tongshan ដែលជានាយកសាលាក្បាច់គុណចិនផងនោះ បានបញ្ជូនលោកទៅវត្តសៅលីញ(Shaolin Temple) ដើម្បីហ្វឹកហាត់វិន័យ និងរៀនក្បាច់គុននៅទីនោះ។ នៅវត្តសៅលីញ, តារាភាពយន្ត Xiaolong បានរៀនគ្រប់បច្ចេកទេសក្បាច់គុណប្រពៃណីចិនមានដូចជាក្បាច់ស្រវឹង រួមនិងក្បាច់គុណជាច្រើនផ្សេងទៀតរបស់ប្រទេសចិន។ ដូច្នេះ មិនមានអ្វីជាទីសង្ស័យឡើយដែល តារាភាពយន្តរូបនេះអាចសម្តែងនៅក្នុងភាពយន្តក្បាច់គុណចិន បាននៅពេលលោកទើបមានអាយុ៦ឆ្នាំ។
ក្រៅតែពីមានឳពុកម្តាយបង្កើតជាកំពូលមហាសេដ្ឋីចិនហើយ តារាភាពយន្តចិន លោក Xiaolong ក៏មានផលិតករភាពយន្តចិន លោក Wu Dun ជាបុគ្គលដ៏មានឥទ្ធិពលមួយរូបជាឳពុកធម៌ផងដែរ។ លោក Wu Dun ក៏ជាចំណែកមួយដែលជួយជ្រោមជ្រែងការងាររបស់តារាភាពយន្តតារាភាពយន្ត Shi Xiaolong អោយអណ្តែតលើវិថីសិល្បៈបានយ៉ាងងាយស្រួលនិងរលូន ចាប់តាំងពីលោកមានវ័យកុមារ ។