ទោះជាទើបតែចេញផ្សាយក៏ដោយ ក៏បទចម្រៀងថ្មីPink Venom របស់ក្រុមចម្រៀងកូរ៉េដ៏ល្បី BLACKPINKទទួលបានការចូលទស្សនាច្រើនជាង១០០លានដងនៅលើបណ្តាញYouTube។ ពេលវេលាលើកនេះ បទចម្រៀងថ្មី Pink Venom មិនត្រឹមតែទទួលបានការជជែកវែកញែកខ្លាំងពីក្រុមអ្នកគាំទ្រចម្រៀងKpop ប៉ុណ្ណោះទេ ប៉ុន្តែជាបទថ្មីដែលទទួលបានការវែកញែកខ្លាំងពីក្រុមអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោកផងដែរ។
រីឯមូលហេតុក៏ព្រោះថា តារាចម្រៀងស្រីនាង Jennie ពាក់អាវរបស់ក្រុមកីឡាករបាល់ទាត់ Manchester United។ និងក៏ព្រោះថា ក្រុមកីឡាករបាល់ទាត់ Manchester United ត្រូវបានគេយកទៅនិយាយចំអកលេងសើចពាសពេញពិភពលោក នៅពេលពួកគេជាប់លំដាប់ថ្នាក់ទី១រាប់ពីបាតតារាងមកវិញនៅលើតារាងក្រុមបាល់ទាត់ English Premier League ។
ប៉ុន្តែហេតុអ្វីបានជា តារាចម្រៀងស្រីដ៏ស្រស់ស្អាតនាង Jennie ពាក់អាវក្រុមកីឡាករបាល់ទាត់នេះ? រឿងនេះមានក្រុមអ្នកលេងបណ្តាញសង្គមអនឡាញខ្លះបានប៉ាន់ស្មានថា តារាចម្រៀង Jennie ជាអ្នកគាំទ្រម្នាក់របស់ Manchester United ដូច្នេះនាងជ្រើសរើសពាក់អាវក្រុមកីឡាបាល់ទាត់មួយហ្នឹងដោយខ្លួនឯង។ ប៉ុន្តែបណ្តាញសារព័ត៌មានអនឡាញជាច្រើន បានផ្តល់ហេតុផលជាក់លាក់ខ្លាំងជាងនេះថា ក្រុមចម្រៀង BLACKPINK បានសហការណ៍ជាមួយក្រុមហ៊ុន Adidas ចាប់តាំងពីខែមករាឆ្នាំ២០២០។ ហើយក្រុមហ៊ុន Adidas គឺជាក្រុមហ៊ុនផលិតអាវរបស់ក្រុមកីឡាករបាល់ទាត់ Manchester United ។
ចំពោះអ្វីដែលកំប្លែងបំផុត គឺ Manchester United (MU) ស្ថិតនៅក្នុងពេលវេលាមិនល្អសោះឡើយ ទាំងការលែងបាល់ និងបញ្ហាផ្ទៃក្នុង ដូច្នេះក្រុមអ្នកគាំទ្របាល់ទាត់ជាច្រើនបាននិយាយកំប្លែងលេងថា «ប្រហែលជា Jennie គឺជាអ្នកសង្រ្គោះ Manchester United (MU) មិនមែនជាគ្រូបង្វឹក ឬជាកីឡាកររូបណានោះឡើយ»។
អាវកីឡាករក្រុម Manchester United (MU) ដែលតារាចម្រៀងស្រី Jennie ពាក់ថតក្នុងបទចម្រៀង Pink Venom មានតម្លៃដើម៧០ដុល្លារអាមេរិក ក្រោយមកលក់បញ្ចុះថ្លៃ៥០ភាគរយ។ ប៉ុន្តែនៅពេលបទចម្រៀង Pink Venom ចេញឃើញថា អាវយឺតក្រុមកីឡាករ Manchester United (MU)ត្រូវបានលក់ដាច់អស់គ្មានសល់។ ហើយឥឡូវអាវយឺតក្រុមបាល់ទាត់ ត្រូវបានដាក់ឈ្មោះអោយថា អាវ Jennie ជំនួសអោយអាវ Manchester United ។
បណ្តាប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌូនេស៊ី ពាក្យគន្លឹះសំខាន់ Manchester United club shirt (Manchester United club shirt) ស្ថិតនៅតារាងកំពូលសម្រាប់ការស្វែងរក ដែលនេះបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់តារាចម្រៀង Kpop នាង Jennie៕