អ្នកគាំទ្រកម្មវិធី Cambodian Idol ប្រហែលជាចងចាំអតីតបក្ខនារីពីររូបគឺកញ្ញា សេង ដានីន និងកញ្ញា អុន សុភា ដែលពេលនេះអ្នកទាំងពីរត្រូវបានផលិតកម្ម Share Media សម្រេចទទួលឲ្យធ្វើជាតារាចម្រៀងប្រចាំផលិតកម្មមួយនេះ ដោយបានចុះកុងត្រាកាលពីពេលថ្មីៗនេះ។
បើតាមលោក វីរៈ ពន្លក ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងផលិតកម្មមួយនេះ បានឲ្យដឹងថា ដោយសារតែផលិតកម្មរបស់លោកបានមើលឃើញពីសកមត្ថភាពរបស់អតីតបេក្ខនារីទាំងពីររូបនេះ ក្រោយបានឆ្លងកាត់ជាច្រើនវគ្គនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤នាពេលកន្លងមក ហើយពេលនេះលោកសម្រេចទទួលពួកគេជាតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន និងជាការផ្ដល់ឱកាសសម្រេចក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងអាជីព។
ម្យ៉ាងទៀត អ្នកគ្រប់គ្រងផលិតកម្ម Share Media រូបនេះអះអាងថា នេះមិនមែនជាលើកដំបូងសម្រាប់រូបលោកក្នុងការផ្ដល់ឱកាសបែបនេះ។ កន្លងមកលោកធ្លាប់បានផ្ដល់ឱកាសដល់អតីតបេក្ខភាព The Voice Cambodia លោក ជា សុភា ក្នុងការក្លាយជាតារាចម្រៀងប្រចាំផលិតម្មរបស់លោក ដោយបានចេញបទចម្រៀងជាបន្តបន្ទាប់រួចមកហើយ។
សូមបញ្ជាក់ថា អតីតបេក្ខភាព Cambodian Idol កញ្ញា សេង ដានីន មានប្រភពមកពីខេត្តព្រៃវែង និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ ជាស៊ីម សាមគ្គី រាជធានីភ្នំពេញ។ ការសម្រេចចិត្តជ្រើសរើសអាជីពជាគ្រូបង្រៀននេះ ក៏ព្រោះតែនាងយល់ថា នេះជាការងារអាចជួយដល់មនុស្សជាច្រើន ជាពិសេសនាងចង់ឃើញក្មេងៗ ជាពិសេសសិស្សស្រីមានភាពក្លាហានចាប់យកក្ដីស្រមៃរបស់ខ្លួន មានក្ដីសង្ឃឹម និងដើរទៅមុខជានិច្ច ទោះបីពួកគេជាស្ត្រីក៏ដោយ។
ដោយឡែកអតីបេក្ខនារី អុន សុភា វិញ ជានិស្សិតឆ្នាំទី១ជំនាញគណនេយ្យ ប៉ុន្តែនាងមានក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងល្បីមួយរូបដែលមានប្រជាប្រិយភាព និងការស្រឡាញ់រាប់អានពីមនុស្សជាច្រើន។ ទាំងនេះជាហេតុផល ដែលរូបនាងសម្រេចចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។ ប៉ុន្តែសោកស្ដាយនិស្សិតស្រីវ័យក្មេងរូបនេះមិនទទួលបានជោគជ័យនោះទេ។
ទោះបីជាយ៉ាងណា ការចូលរួមនៅក្នុងផលិតកម្ម Share Media ជាចំណុចចាប់ផ្ដើមនៃជំហានថ្មីសម្រាប់អតីតបេក្ខនារីទាំងពីរូបនេះ ដែលពួកគេអាចធ្វើដំណើរម្ដងទៀតទៅកាន់ក្ដីស្រមៃរបស់ពួកគេ ក្នុងការក្លាយជាតារាចម្រៀងអាជីពនាពេលអនាគត៕