ម៉ាឡេស៊ី៖ ក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19 អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានប្រសាសន៍នៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០នេះថា ស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមាន​វីរុស​ដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ ដោយត្រូវបាន​ដាក់​ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh និងបន្ទាប់ពីការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន។

គួរបញ្ជាក់ថា អ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពី​សប្ដាហ៍​មុន ប៉ុន្តែដល់ទឹកម៉ាឡេស៊ី ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខា​ភិបាល​កម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ​។ នៅទឹកដីម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមានពេលនេះ៕