ក្រោយផ្ទុះល្បីខ្លាំងលើបណ្តាញសង្គមអនឡាញ រឿងរ៉ាវ រថយន្តទំនើប Bugatti Chiron sport 110 ANS បំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» បើកបរនៅលើដងផ្លូវក្នុងប្រទេសថៃ រឿងនេះ ក៏ត្រូវបាន បណ្តាញសារព័ត៌មានថៃល្បីឈ្មោះ Thethaiger.com យកទៅចុះផ្សាយជាដំណឹងប្រចាំថ្ងៃនៅលើគេហទំព័រព័ត៌មានរបស់ខ្លួននៅថ្ងៃ២៣សីហាកន្លងទៅ។
សារព័ត៌មានថៃជាភាសាអង់គ្លេស Thethaiger.com មួយនេះបានសរសេរថា «រថយន្ត Bugatti Chiron Sport 110 Ans ១គ្រឿងក្នុងចំណោមរថយន្តដែលមានតែ២០គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោកតម្លៃ៣,២លានដុល្លារអាមេរិក បានបើកបររំកិលខ្លួនលើដងផ្លូវក្នុងទីក្រុងបាងកកប្រទេសថៃនៅថ្ងៃអាទិត្យ» ។
សារព័ត៌មានថៃខាងលើដដែលបន្តថា « រថយន្តទំនើបBugatti បំពាក់ផ្លាកលេខកម្ពុជាBOSS តាមដំណឹងមកថា ជារថយន្តរបស់ពាណិជ្ជករកម្ពុជាម្នាក់ ដែលជាកូនប្រុសអ្នកនយោបាយ។ បុរសរូបនេះរៀបការជាមួយស្ត្រីហាយសូជាពាណិជ្ជករថៃ»។
កាលពីថ្ងៃទី២២សីហាកន្លងទៅ នៅលើបណ្តាញសង្គមអនឡាញកម្ពុជា មានការផ្ទុះការចាប់អារម្មណ៍ខ្លាំង និងបានចែកចាយដំណឹងបន្តគ្នារឿង រថយន្តទំនើប Bugatti Chiron sport 110 ANS បំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» បើកបរលើទឹកដីថៃ។
មហាជនលើបណ្តាញសង្គមអនឡាញនៅកម្ពុជាបាននាំគ្នាចែកចាយរូបភាព រថយន្តតម្លៃខ្ទង់លានដុល្លារនេះ ភ្លាមៗនិងដាក់ជាសំនួរ ថា រថយន្តទំនើប Bugatti Chiron sport 110 ANS ជាពិសេសបំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» តើអ្នកណាជាម្ចាស់?
រថយន្តទំនើបនេះជារថយន្តកូនប្រុសរបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីកម្ពុជាដែលជាដន្លងរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងត្រូវជាបងប្រុសបង្កើតរបស់លោកជំទាវ យឹម ឆៃលីន ភរិយាឯកឧត្តមហ៊ុនម៉ានី។
លោកបានរៀបការនឹងភរិយាជនជាតិថៃ និងជាអ្នកជំនួយលំដាប់អភិជនក្នុងប្រទេសថៃ។ លោកនិងភរិយាជាជនជាតិថៃរស់នៅក្នុងជីវិតជាអភិជនខ្លាំងទាំងបែបបទរស់នៅ និងការនិយមលេងម៉ូតរថយន្ត។ ក្រោយរៀបការនិងភរិយាជនជាតិថៃហើយ លោកបានផ្លាស់ទៅរស់នៅជាប់លាប់នៅទីនោះជាមួយនិងភរិយា៕