ស្វាយរៀង ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយឲ្យដឹង​នូវករណីជនជាតិចិន​ប្រមាណ​ជិត២០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី២៤ មីនា ២០២០ នៅក្រុងបាវិតដោយសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតអញ្ជើញជនជាតិចិនទាំងអស់មកដាក់នៅសាលាក្រុងបាវិតដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះលោក លឹម សៀងហេង អភិបាលក្រុងបាវិតបានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា កាលពីយប់ថ្ងៃ២៤ មីនា ២០២០ គឺពិតជាមានជនជាតិចិន១៧៤នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិតហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូមិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ច ក៏បានបញ្ជូនជនជាតិចិនទាំងនោះមករក្សាទុក និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ ចត្តាឡីស័ករហូតប៉ុន្តែពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យលើករណីវីរុសកូវីដ១៩នៅឡើយទេ។