ភ្នំពេញ ៖ ស្ថិត​ក្នុង​ហេតុការណ៍ដ៏ក្ដៅគគុក​ព្រះអគ្គីកំពុង​ព្យាយាម​លេបត្របាក់​ផ្ទះ​ពលរដ្ឋ នៅសង្កាត់​ផ្សារដេប៉ូទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង ៥​ល្ងាច​ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ បានបង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងដោយមច្ចុរាជ និងព្រះអគ្គីបានសហការគ្នា​ឆក់យក​ជីវិតលោកយាយវ័យ៧១ឆ្នាំម្នាក់ និងមនុស្ស៥នាក់ផ្សេងទៀត​បានរងរបួស រហូត​ដល់​ម៉ោងជាង៦យប់ទើប​អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន​។

ទន្ទឹម​ហេតុការណ៍មហារន្ធត់ស្លុត​អស់អ្នកដំណើរ​ និង​ញាតិ​មិត្តភូមិផង​នោះ​ ស្រាប់តែលេចមុខ​នូវ​សមត្ថកិច្ច​ដ៏ក្លាហាន​ម្នាក់​បានចូល​ចាប់ឆក់យក​ជនរងគ្រោះ​ក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់​នេះ​ក្នុង​កាយវិកា​រគម្រូ​គួរ​គោរព រហូត​មានការទម្លាយថា​បុរស​ខាងលើ​នេះ​គឺជាតារាសម្ដែង​ដ៏ល្បីគឺលោក ជិន ស៊ីណារ៉ាក់ ដែលប្រហែល​គ្រប់គ្នា​​មិនទាន់​ភ្លេចថាជាតួ​អង្គ​មួយក្នុងរឿង​ «ខ្មោចប្រពន្ធអាទុយ»។ តាមរយៈ​សកម្មភាព​ដ៏ស្វាហាប់ចាប់ជួយ​ជនរងគ្រោះ​មហាជន និងបណ្ដាញសង្គម​ក៏​បានដាក់​នាមលោកថា «វីរបុរស» ព្រម​ដោយការកោតសរសើរ និងចែករំលែក​យ៉ាងព្រោងព្រាត​ឆ្លៀត​បន្ថែម​ដោយ​ពាក្យជូនពរ​ឲ្យលោក​ជោគជ័យ​ក្នុងជីវិត​ផងដែរ៕