ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុករដ្ឋមន្ត្រីស្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន – Prak Sokhonn បានបង្ហោះឱ្យដឹងនៅមុនយ៉ាងដូច្នេះថា «ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់​តាមបទ​បញ្ជាគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ ជាមួយនេះ យើងក៏បាន​សម្រប​ស​ម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរ​តាមយន្តហោះ​ពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ»។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា «ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបាន​ទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើង​ចំពោះ​ការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សា​គ្នាអំ​ពី​ការជួយគ្នាទៅវិញទៅមក​ក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណង​ទាក់ទង​ទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណ​គាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងព​ហុភា​គី»។