សៀមរាប ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ​ សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងនាំខ្លួនជនបំពុល​ព័ត៌មាន​តាមបណ្តាញសង្គម ដែល​យកវីដេអូ កាលពីឆ្នាំ២០១៩ មកបំផុសបំផុលថាជាការស្រោចទឹក​បណ្ដេញ​កូវីដ១៩ ខណៈកាលពីថ្ងៃទី២៥  ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញមានសមត្ថកិច្ចនៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​សៀមរាប​បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គរធំបានហៅឈ្មោះ ជឿន ដា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរ មគ្គុទេសទេសចរណ៍មកណែនាំ។

បុរសដែលជាមេរោគដ៏កាចសាហាវជាងមេរោគឆ្លងកូវីដ១៩ ក្នុង​ការបំពុល​សង្គម​នេះបានប្រើហ្វេសប៊ុក​ឈ្មោះ Tour arrangement in Siem Reap ដែលបានបង្ហោះសារលើបណ្តាញសង្គម ពាក់ព័ន្ធ នឹងព័ត៌មានមិន​ពិត (វីដេអូកាលពីឆ្នាំ2019) ពិធីស្រោចទឹក និងបានប្រើពាក្យមិនសមរម្យចំពោះ ព្រះសង្ឃ ។ ក្រោយការសាកសួរ​របស់សមត្ថកិច្ច សាមីខ្លួន ជឿន ដា បានសារភាព​ទទួលស្គាល់នូវទោសកំហុស​ដែលបានប្រព្រឹត្តិ ហើយ​ស​មត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានា​ពីក្រុមគ្រួសារទើប​អនុញ្ញាតអោយ​ត្រឡប់​ទៅវិញដើម្បីកសាងខ្លួន។

​ចំពោះមុខ​សមត្ថកិច្ច​ខេត្តសៀមរាប ជឿន ដា បាន​សារភាព និង​សរសេរ​សារ​សុំទោសលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំបាទ ជឿន ដា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ​។ ខ្ញុំបាទ​សុំទោស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋមន្ត្រីក្រសួង​សារព័ត៌មាន ឯកឧត្តម​គណៈ​អភិបាលខេត្ត​សៀមរាប ព្រះសង្ឃ​ទាំងពីរ​គណៈ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ស្រុក​អង្គរធំ ។ កាលពី​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ ​ខ្ញុំបាទ​បង្ហោះ វីដេអូ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម តាមពិត​វា​ជា​ព័ត៌មាន​មិន​ពិត ។ ខ្ញុំបាទ​មានការ​សោកស្តាយ និង ទទួលកំហុស​។​ ​ខ្ញុំបាទ​សុំទោស​ចំពោះ​ព្រះសង្ឃ ដែល​ខ្ញុំបាទ​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ចំពោះ​ព្រះអង្គ​។ ខ្ញុំបាទ​សុំ​សន្យាថា ខ្ញុំ​នឹង​មិន​ផុស​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​តទៅទៀត​ទេ បើ​ខ្ញុំបាទ​ប្រព្រឹត្តិ​ខុស ខ្ញុំបាទ​សុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​”៕​