រតនគិរី ៖ នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មេឃុំសេដា និងមេឃុំប៉ាតេ ស្ថិតនៃភូមិសាស្រ្តចំនួនពីរស្រុក គឺ ស្រុកលំផាត់និងស្រុកអូយ៉ាដាវ បានប្រកាសសម្រេចបិទភូមិចំនួន៧ មិនឲ្យប្រជាពលរដ្ឋ ដែលមិនស្គាល់មុខចេញចូលក្នុងភូមិឡើយ ការធ្វើបែបនេះ គឺ លោកមេឃុំទាំង២ គិតថា ជាសកម្មភាពល្អមួយ ដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍របស់ខ្លួន។

យោងតាមសម្តីរបស់ លោកមេឃុំ អង ប៊ុនធៀង ជាមេឃុំ សេដា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ដោយមានការស្នើពីប្រជាពលរដ្ឋក្នុងភូមិ និងធ្វើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ទើបលោកសម្រេចបិទភូមិចំនួន០៣រួមមាន៖ គឺភូមិប៉ម ភូមិថ្មី និងភូមិឡិក ហើយការបិទនេះ គឺដើម្បីកុំឲ្យមានភ្ញៀវមិនស្គាល់មុខចេញចូលច្រើនពេក ព្រោះការចម្លងជំងឺយើងមើលមិនឃើញនោះទេ ហើយចំណែកភូមិធំៗ ដូចជាភូមិ ប៉ាទាត់ ភូមិសាមុត្រលើ ភូមិសាមុត្រក្រោម ជាប់នៅផ្លូវធំ គឺមិនមានការបិទទេ គឺមានរថយន្តចរាចរ ចេញចូលដូចពេលធម្មតា។

ដោយឡែក សម្រាប់លោក លោកឆាយ ធី ជាមេឃុំប៉ាតេ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកដែរថា ចំពោះឃុំប៉ាតេគឺ មានការបិទចំនួន៤ភូមិ គឺភូមិគងធំ ភូមិគងយុក ភូមិប្លង់ និងភូមិប្អរ ហើយការសម្រេចបិទនេះ ដើម្បីបង្ការអ្នកចម្ងាយ ហើយយើងត្រួតពិនិត្យអ្នកដំណើរ ជាពិសេសអ្នកមកពីថៃតែម្ដង។ ការបិទនេះ ធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលកន្លងមក បិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ហើយឃុំរបស់លោកបានអនុវត្តរួចហើយ ចំណែកពិធីមង្គលការ ក៏បានឯកភាពគ្នារួចហើយ ក្នុងការលើកពេល។

លោកមេឃុំ ទាំង០២ បានបន្តទៀតថា ការបិទនេះ មិនមែនបិទចរាចរទាំងស្រុងនោះទេ នៅតែចេញចូលបាន គ្រាន់តែរឹតបន្តឹងការត្រួតពិនិត្យមើលអ្នកដំណើរថាតើគាត់មកពីណា ពីចម្ងាយ ឬមុខប្លែកអីជាដើម យើងសួរនាំគាត់ មិនឲ្យគាត់ចូលឃុំ ដោយសារយើងបង្ការ ការឆ្លងជំងឺកូវីដ១៩ ពិសេសជាងនេះទៅទៀត អ្នកមកពីថៃ ដោយសារឃុំនេះ មានអ្នកមកពីថៃផងដែរ ហើយការបិទនេះយើងនឹងអាចដឹងថាគាត់មកពេលណា នេះជាការគ្រប់គ្រងដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩នេះ។