(ឧត្តរមានជ័យ)៖ បើគិតត្រឹមថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលវិលពីប្រទេសថៃ ទៅដល់ស្រុកកំណើត គឺមានប្រមាណជាង ៤ម៉ឺននាក់។

ការចេញបញ្ជាក់ដូចខាងលើនេះ គឺបន្ទាប់ពីលោកបាន ជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់។

លោកបានបញ្ជាក់បន្តទៀតថា ក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺនេះ មានពលរដ្ឋខ្មែរយើងមួយចំនួន បានសំរុកវិលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ដូច្នេះ មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ប្រជាពលរដ្ឋ ឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។

ហើយជាមួយគ្នានោះ លោកក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា គឺអាច គ្រប់គ្រងចំនួនពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះ ក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ ពួកគាត់ឱ្យបានដឹងពីសារៈសំខាន់ នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ។   

                                       

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលបានឆ្លងដែនចូលប្រទេសវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា គិតត្រឹមម៉ោង៤៖៣០នាទីរសៀល មានជាង១,២០០នាក់ ក្នុងនោះជាង៤០០នាក់ គឺជាប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ហើយភាគច្រើន អាជ្ញាធរបានក្ដាប់អត្តសញ្ញាណបាន។

ហើយដោយឡែក អាជ្ញាធរខេត្តក៏បានរៀបចំទីតាំង សម្រាប់ដាក់ឱ្យនៅដោយឡែក នូវប្រជាពលរដ្ឋមានការសង្ស័យ រួមមានមន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕