ព្រះសីហនុ ៖ ខណៈពេលដែលពិភពលោកកំពុងព្រួយបារម្ភអំពីវីរុសប្រភេទថ្មី Covid-19 ដែលរាតត្បាតស្ទើរពេញសកលដែលបានសម្លាប់មនុស្សជាច្រើននាក់ ដោយមិនទាន់មានក្រុមអ្នកវិទ្យាសាស្ត្ររូបណារកឃើញថ្នាំបង្ការឱ្យបានច្បាស់នៅឡើយ ក្នុងនោះក៏មានកម្ពុជាមួយផងដែរ ដែលកំពុងរងគ្រោះដោយសារមេរោគនេះ បើ​ទោះជាមិនទាន់មានអ្នកណាស្លាប់ក្ដី ប៉ុន្តែប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង រហូត​ធ្វើឱ្យជនឆ្លៀតឱកាសប្រឌិតរឿងមិនពិត ដូចពិសារពងមាន់ ពងទា អាចការ​ពារជំងឺ​កូវី​ដ​១៩។

ទន្ទឹមនឹងការប្រឌិតរឿងដូចខាងលើ ស្រាប់តែលេចទំព័រហ្វេសប៊ុកប្រជាជន​ខេត្តព្រះ​សីហនុ បានបង្ហោះដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ច យ៉ាងក្ដៅគគុក​ចាត់​វិធាន​ការបន្ទាប់ ដោយសំណេរយ៉ាងដូច្នេះថា «សូមអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ច មេត្តាផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ ចំពោះការបំផុសបំផុល រឿងទិញពងមាន់ ឬពងទា អាចការពារជំងឺកូវីដ១៩ និងចាប់អ្នកបំផុសបំផុល មក​អនុ​វត្តតាមផ្លូវច្បាប់។ សូមបងប្អូន ស្ដាប់ នឹងអនុវត្តតាមការណែនាំ របស់ក្រសួង ស្ថាប័ន​ជំនាញ ដើម្បីធានាបានូវសុវត្ថិភាព សុខភាព និងអនុវត្តអនាម័យ អោយបានល្អ ជាប្រចាំ ។ សូមអរគុណ»៕