ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុករបស់ប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានបង្ហោះដំណឹងល្អសម្រាប់អ្នកកំពុងខ្វះខាត ខណៈតារាចម្រៀងចិត្តបុណ្យលោក ឆាយ វីរៈយុទ្ធ បានចូលរួមបរិច្ចាគអង្ករ ចំនួន ៦តោន ដើម្បីជួយសម្រួលដល់ជីវភាព សិល្បករ សិល្បការនីចាស់ជរា និងប្រជាពលរដ្ឋខ្មែរដែរកំពុងមានការខ្វះខាត ក្នុងកំឡុងពេលវីរុស កូវីដ១៩ កំពុងរាតត្បាតនៅកម្ពុជា។

យ៉ាងណាមិញលោក ហេង ឡុង បានបន្តរៀបរាប់បញ្ជាក់បន្ថែម ពីទឹកចិត្តមហាសប្បុរសរបស់ ម្ចាស់បទ«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ដោយសំណេរស្ងើចសរសើរថា«ដំណឹងល្អសម្រាប់សិល្បៈចាស់ជរា និង សិល្បករសិល្បការិនីនិងប្រជាជនដែលខ្វះខាតដោយសារបាត់បង់ប្រាក់ចំណូល តារាចម្រៀង ឆាយ វីរៈយុទ្ធ និងគ្រួសារ ជាម្ចាស់អង្ករម៉ាក “ ស្ដេចអង្ករ “ ផលិតដោយ រោងម៉ាស៊ីនកិនស្រូវ ហាក់ សែ បានឧបត្ថម្ភអង្ករ ៦តោន រយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត ៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាត មិនមានចំណូលគ្រប់គ្រាន់ សូមទំនាក់ទំនងសមាគមសិល្បករខ្មែរ ចាប់ពីពេលនេះតទៅលេខទូរសព្ទ 017 990 332»៕