បរទេស ៖ ស្របពេលពិភពលោកកំពុងគំរាមកំហែងខ្លាំងពីការរីករាលដាលនៃវីរុសឆ្លង Covid-19 សហរដ្ឋអាមេរិកក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលមានកំណើននៃការឆ្លងរបស់ប្រជាជនច្រើនគួរឲ្យកត់សម្គាល់ដែលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឲ្យសង្គមជួបបញ្ហាយ៉ាងច្រើន ខណៈមហា​សេដ្ឋី​ជួរ​មុខរបស់ពិភពលោក Bill Gates បានលើកឡើងដោយសម្ដីឌឺដងផ្លែផ្កាថា ប្រសិន​បើលោកជាប្រធានា​ធិបតីអាមេរិក លោកនឹងផ្តល់អាទិភាពដល់ការរក្សាប្រជាជនទូទាំងទ្វីបអាមេរិកឱ្យនៅឯកោ​ឬដាច់ដោយឡែកដើម្បីធ្វើឲ្យខ្សែកោងនៃជំងឺរាតត្បាត Covid-19 មានការធ្លាក់ចុះ។

សង្កត់ធ្ងន់បន្ថែម​​ប្រាប់អ្នកគ្រប់គ្រង TED ថា «ក្នុងករណីរបស់ប្រទេសចិនវាមានរយៈពេល៦សប្តាហ៍ ដូច្នេះ​យើងត្រូវត្រៀមខ្លួនសម្រាប់រឿងនោះហើយធ្វើវាឱ្យបានល្អបំផុត។ ប្រសិនបើអ្នកអាច​ដាក់មនុស្សឲ្យនៅ​ដោយឡែក​ទូទាំងប្រទេស ក្នុងរយៈពេលប្រហែលជា២០ ថ្ងៃអ្នកនឹងឃើញចំនួន​នៃករណីថ្មីពិតជាមាន​ការផ្លាស់ប្តូរ ឬធ្លាក់ចុះដែល​នោះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាអ្នកឈានទៅរកភាព​ល្អប្រសើរពីការរាតត្បាតនៃ​វីរុសឆ្លង Covid-19 នេះហើយ។

យ៉ាងណាក្ដីជុំវិញ​ការលើកឡើង​របស់លោក Bill Gates ត្រូវគេដឹងថាបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសចង់ឲ្យអាជីវកម្មនៅអាមេរិកបើកឡើងវិញនៅថ្ងៃបុណ្យ Easter ដែលត្រូវនឹងថ្ងៃទី ១២ ខែមេសា ​នេះ។ ដោយលោក Trump បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយនៅថ្ងៃច័ន្ទថា «សហរដ្ឋអាមេរិកនឹងបើកជាថ្មីម្តងទៀតហើយឆាប់ៗនេះនឹងបើកសម្រាប់ធុរកិច្ចយើងមិនអាចឲ្យការព្យាបាល​កាន់តែអាក្រក់ជាងបញ្ហារបស់វាឡើយ ហើយយើងអាចធ្វើរឿងពីរក្នុងពេលតែមួយបាន»។