ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិនា ម្សិលមិញនេះ ថៃបានប្រកាសដាក់ប្រទេស​ក្នុងគ្រា​អាសន្ន ដ្បិតចំនួនអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមកើនឡើងជារៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យពល​ករ​ខ្មែរជាប់នៅទីនោះជាច្រើននាក់ផងដែរ។

ទន្ទឹមនឹងនោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានជូនដំណឹង​ដល់ពលករ​ខ្មែរដែល​កំពុងស្នាក់នៅប្រទេសថៃ កុំឱ្យមានការព្រួយបារម្ភពីការស្នាក់នៅ ព្រោះថៃអនុញ្ញាត​ឱ្យស្នាក់លើសពេលកំណត់បាន ។ តាមរយៈសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃព្រ​ហស្បតិ៍នេះ ស្ថានទូតទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រកាសប្រាប់ដល់ពលករ​ខ្មែរដែលទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់សុពលភាពថា ក្រសួងការ​ងារថៃនឹងបន្តឱ្យស្នាក់នៅជាបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោល គឺលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់៕