ភ្នំពេញ៖ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មីស្ដីពីការពិន័យចំពោះអំពើល្មើសចរាចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ដើរស្វែងរកពលករខ្មែរ ទើបមកពីថៃ ហើយត្រូវសរសេរព័ត៌មានលម្អិតអំពីពួកគេគ្រប់រូប ដូចជា ឈ្មោះរបស់ពួកគេ ឈ្មោះភូមិ-ឃុំ និង ស្ថានភាពសុខភាពរបស់ពួកគេ ជាដើម។

លើសពីនេះ សម្តេច ស ខេង បានសង្កត់ធ្ងន់ដូច្នេះថា៖«ចាប់ពីមួយទៅ គឺចាត់ទុកថា មានបញ្ហាហើយ អ៊ីចឹងហើយសូមឲ្យចាត់ទុកភូមិណា ដែលមានបងប្អូនយើងមកពីថៃ មកស្នាក់នៅផ្ទះកំណើតនុ៎ង ចាប់ពីមួយទៅ ជាចំណុចក្តៅហើយ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់ការប្រែប្រួល [សុខភាព] របស់គាត់»៕