ស្វាយរៀង ៖ មហាជន​ប្រហែល​ចងចាំ​នៅឡើយពីកេរ្តិ៍ឈ្មោះលោក កែវ ចិត្រា ដែល​ជាអធិការរង​ក្រុងបាវិត​ឡើង​តំណែង​មិនដល់មួយអាទិត្យផង​ បាន​សាងស្នាដៃ​បាញ់ស្រ្តី​ម្នាក់ជាថៅកែ «តន្រ្តីសំណាងអាណេ» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ហើយស្រ្តីរងគ្រោះក៏បានស្លាប់​នៅថ្ងៃទី២១ ធ្នូ ក្រោយថ្ងៃដដែល​នោះ​កូនប្រុសលោកអធិការ​ក៏ត្រូវបានបញ្ជូនទៅតុលាការ​ផងដែរ។

រហូតមកដល់ថ្ងៃទី៣០ ខែមីនា នេះ​សារព័ត៌មាន​ក៏បានបង្ហាញ​ពី​ព័ត៌មាន​នៃការផ្លាស់ប្ដូរតំណែងលោកវរ​សេនីយ៍​ទោ កែវ គង់ ពីអធិការនគរបាលក្រុងបាវិត​ ទៅ​ទទួលភារកិច្ចថ្មីជានាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្នុងពិធី​ប្រកាស​តែងតាំង​អធិការនគរបាលក្រុងបាវិតដោយ​ដាក់​លោកវរសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ជំនួសតំណែងនេះ បានធ្វើឡើងដោយមានការចូលរួមពី​លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង លោក លឹម សៀងហេង អភិបាលក្រុង​បាវិត លោកនាយ នាយរងការិយាល័យបុគ្គលិក លោកអធិការក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូច នគរបាលការព្រំដែនទាំងពីរ លោកចៅសង្កាត់ទាំង៥ លោកមេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលក្រុងបាវិតសរុប ៥៥រូប៕