ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ខែមីនា ឆ្នាំ ២០២០ ប្រមាណជាម៉ោង ៩ : ៣០ នាទីយប់ មានហេតុការណ៍ផ្អើលឆោឡោ មួយនៅចំណុច ទីតាំងរោងចក្រកាត់ដេរសំលៀកបំពាក់តាលុន ដែលស្ថិតនៅអគារ លេខ ៩៧F ផ្លូវលេខ ៩៩ ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានបង្ហាញថា ថៅកែរោងចក្រមួយកន្លែងនេះ មិនដឹងថាមានមូលហេតុអ្វី សុខៗស្រាប់តែដាក់មេប្រ៉ូច រត់បាត់ស្រមោល ហើយបានបញ្ជាឲ្យគេមកលួចដឹកអីវ៉ាន់ចេញទៅទាំងយប់ ប៉ុន្តែតែត្រូវបានខាង កម្មករ-ការិនី រោងចក្រកាត់ដេរនោះ ដឹងខ្លួនទាន់ នាំគ្នាភ្ញាក់ផ្អើលទាំងយប់ ចេញមកស្ទាក់ឃាត់រថយន្ត មិនឲ្យដឹកទំនិញចេញឡើយ នឹងនាំគ្នាយាម ឥវ៉ាន់រហូតដល់ព្រឹក។

តាមសម្តីកម្មករម្នាក់ បានឲ្យដឹងថា ចំពោះរោងចក្រកាត់ដេរមួយនេះ បានដំណើរការប្រមាណជា៤ឆ្នាំមកហើយ ដោយមានកម្មករ-ការិនី ចំនួន១៧០នាក់ ហើយមានថៅកែជាជនជាតិ ចិនតៃវ៉ាន់ នៅអំឡុងពេលកំពុងដំណើរការសុខៗស្រាប់តែ ថៅកែនោះ បានឲ្យគេ មកដឹកអីវ៉ាន់ចេញទាំងយប់ ទើបកម្មករ ក៏បាននាំគ្នា ធ្វើកូដកម្ម ហាមឃាត់មិនឲ្យមានការដឹកចេញរង់ចាំដោះស្រាយបើកប្រាក់ខែឲ្យកម្មករសិន។ កម្មករម្នាក់ទៀត បានឲ្យដឹងបន្ថែមទៀតថា នៅពេលកំពុងតែធ្វើការ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ មានជនជាតិចិន ចុះមកថត ម៉ាស៊ីន ដេរសម្ភារ នៅក្នុងរោងចក្រ តែ កម្មករ ទាំងអស់មិនបានចាប់អារម្មណ៍នោះទេ ស្រាប់តែ នៅយប់ថ្ងៃអាទិត្យបែជា នាំគ្នា មកដឹកទំនិញចេញតែម្តង។

ក្នុងហេតុការណ៍ នាំគ្នាចុះមកហាមឃាត់នេះ , គេឃើញមានកម្លាំង សមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីការពារជៀសវាង ករណីកើតមាននៅអំពើហិង្សាណាមួយឡើង ហើយមកទល់ពេលនេះ តំណាងកម្មករ បានទទូចសុំឲ្យអាជ្ញាធរ ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមេត្តាជួយដោះស្រាយឲ្យបានឆាប់ផង ព្រោះថា រោងចក្រ គឺមិនទាន់បើកប្រាក់ខែ ឲ្យកម្មករសម្រាប់ខែមីនានេះទេ ដែលក្នុងនោះ ម្នាក់ៗត្រូវបើកប្រាក់ ប្រមាណ១៥០ទៅ២៥០ដុល្លារ ៕