ភ្នំពេញ៖ កាលពីម៉ោង១រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ គឺមានករណីនារីម្នាក់ ដែលជាកូនស្រីតារាកំប្លែងជើងចាស់នាយ ត្រដក់  បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់ យីហោ «អាស៊ាន » ដែលខណៈពេលនោះគឺគ្រប់គ្នាមិនទាន់បានដឹងពីមូលហេតុពិតប្រាកដណាមួយ ដែលបណ្តាលចិត្តឲ្យនាងមកសម្លាប់ខ្លួនបែបនេះទេ ក៏ប៉ុន្តែ បន្ទាប់ពីខាងសមត្ថកិច្ច ចុះធ្វើកោសល្យវិច្ច័យ និងសាកសួរ ទៅកាន់ក្រុមគ្រួសារ ទើបរឿងរ៉ាវលម្អិតពីការសម្លាប់ខ្លួននេះ ត្រូវបានទម្លាយ។

ហេតុការណ៍នេះបានកើតឡើង ចំណុចផ្ទះសំណាក់ យីហោ អាស៊ាន  ដែលស្ថិតនៅតាមបណ្តោផ្លូវលេខ៤៧(ម្តុំវត្តភ្នំ )សង្កាត់ស្រះចកខណ្ឌដូញពេញ ដែលនារីរងគ្រោះ បានធ្វើអត្តឃាត សម្លាប់ខ្លួននោះ មានឈ្មោះថា       វ៉ាន់ ដានីត ភេទស្រី អាយុ៣២ឆ្នាំមុខរបរលក់ដូរ និងជាកូនស្រី អតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេស នាយត្រដក់ ហើយបានស្នាក់នៅ ផ្ទះលេខ០៩E១ ភូមិ១១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនរងគ្រោះជាស្រ្តីមេម៉ាយដែលមានកូនស្រីម្នាក់អាយុទើបតែ៣ឆ្នាំ តែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មាន បានបង្ហាញថា នារីរងគ្រោះខាងលើជាស្រ្តីមេម៉ាយ ហើយបន្ទាប់ពីបានលែងលះគ្នាជាមួយស្វាមី នារីរូបនេះនៅរាល់ពេលពិបាកចិត្តគឺតែងតែពិសាស្រា និងប៉ុនប៉ងសម្លាប់ខ្លួនម្តងជាពីរដងរួចមកហើយ ដោយកន្លងមកនាងធ្លាប់បានលេបថ្នាំសម្លាប់ខ្លួនដែរ តែសំណាងល្អបានក្រុមគ្រួសារនាងឃើញនិងជួយឃាត់ទាន់។

 លុះមកដល់យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នារីរងគ្រោះ បានជិះម៉ូតូកង់បី មកជួលបន្ទប់ផ្ទះសំណាក់មួយ សម្រាប់ស្នាក់នៅ១យប់ ក្នុងបន្ទប់លេខ០៧ ដែលមានយីហោ «អាស៊ាន» តែរហូតដល់វេលាម៉ោងជិត ១២នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០ ដោយសាតែខាងផ្ទះសំណាក់មិនឃើញនារីរងគ្រោះរូបនោះចុះមកក្រោម ខាងផ្ទះសំណាក់ក៏បានឡើងទៅគោះទ្វារ តែមិនឮមានការឆ្លើយតបនោះទេ ទើបខាងផ្ទះសំណាក់សម្រេចគាស់ទ្វារមើលក៏ឃើញស្ត្រីរូបនោះបានចងកងស្លាប់បាត់ទៅហើយ បន្ទាប់មកខាងផ្ទះសំណាក់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការត្រួតពិនិត្យនឹងធ្វើកោសលវិច្ច័យតែម្តង៕