ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់ឱ្យបងប្អូន​ប្រជា​ពលរដ្ឋ មន្ត្រីរាជការ ស្ថាប័ននានា ចូលរួមឧបត្ថមតិច​ក្ដីច្រើនក្ដីតាមសទ្ធា ដើម្បីប្រយុទ្ធប្រ​ឆាំងនឹងមេរោគដែលកំពុងរាតត្បាតកូវីដ១៩ ក្នុងនោះសមាគមសិល្បករខ្មែរក៏​បាន​ស្រុះ​ស្រួលមូលមតិបង្កើត «មូលនិធិសិល្បករកូវីដ១៩» មានលោកអ្នកនាង ចន ច័ន្ទល​ក្ខិ​ណា ជាប្រធាន ដែលទទួលបានប្រាក់ប្រមាណជិតបួនម៉ឺនដុល្លារ ហើយក៏​បានប្រគល់​ជូនឯកឧត្ដម សេង ទៀង រួចរាល់ផងដែរ។

យោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះឱ្យដឹង​នៅមុននេះ​យ៉ាង​ដូច្នេះថា «សូមរាយការណ៍ជូនបងប្អូនសិល្បករសិល្បការិនី​ដែលជាសប្បុរសជន​ទាំង​អស់ ថ្ងៃនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានយក​ថវិកា​សរុប​ចំនួន ៣៩.១៨៥ ដុល្លារ ទៅប្រគល់ជូនឯកឧត្តម សេង ទៀង រួចរាល់អស់ហើយ។ សូមទេវតាតាមជួយថែរក្សាបងប្អូនឱ្យជួបតែសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ចដើម្បី​បន្តចូលរួមចំណែកជួយសង្គមខ្មែរយើងទៀត។ ដោយសេចក្តីគោរព»៕