(សៀមរាប)៖  ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ លោក ស៊ាង ណារ៉ា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាឃុំខ្លួនបុរសម្នាក់  ដែលបានធ្វើសកម្មភាព បង្ហោះសារគំរាម សម្លាប់ថ្នាក់ដឹកនាំ និងជេរប្រមាថអង្គព្រះមហាក្សត្រ កាលកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នេះ មានឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ។

ការឃាត់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពី ជនសង្ស័យបានធ្វើសកម្មភាព និងរូបភាពបង្ហោះតាមបណ្ដាញសង្គម ដោយគំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា តាមរយៈគណនីយហ្វេសបុគ ក្លែងក្លាយចំនួន៣ ដែលមានឈ្មោះដូចជាខាងក្រោមនេះ៖

គណនីហ្វេសបុគទី១មានឈ្មោះថា៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ

គណនីហ្វេសបុគទី១ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ

និង គណនី Tiktok ឈ្មោះថា សិលាសៀមរាប

ក្រោយសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។

សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនជនដែលបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ ហើយខណៈពេលនេះ ក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាឃុំខ្លួនបុរសម្នាក់ ដើម្បីដំណើរការក្តីតាមនីតិវិធីច្បាប់៕