(កណ្ដាល)៖ ឆ្ងាញ់ណាស់ ឃ្លានណាស់ ជាពាក្យដែលយើងគ្រប់គ្នា តែងនិយាយចេញមក នៅពេលចង់ញាំអ្វីមួយ អ្នកខ្លះដើររកទិញ ឬទាមទារ ញាំទាល់តែបាន បើទោះបីដឹងថា របស់ញាំនោះ អាចមានប្រភពមកពីកន្លែងមិនល្អ ផលិតឡើងមកគ្មាអនាម័យ និងអាចប៉ះពាល់ដល់សុខភាពក៏ដោយ ។

ប៉ុន្តែទោះជាយ៉ាងណា ក៏សុំសំណូមពរ សំណូមពរទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល ក្មេង តូចៗ ត្រូវគិតគូឲបានច្រើនមែនទេ អំពីគុណភាព អនាម័យ នៃទំនិញ ដែលត្រូវទិញមកញាំខ្លួនឯង ឬផ្តល់ឲ្យកូចតូចៗញាំ ត្រូវដឹង និងត្រូវចាំថា នៅក្នុងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០សមត្ថកិច្ចចម្រុះ ទើបនឹងបានចុះបង្ក្រាប និងរឹបអូសស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន​២កុងទីន័រ ដែលស្ថិតនៅក្នុងឃ្លាំងមួយ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ស្រុកកៀនស្វាយ ត្រូវបាននាំចូលមកដោយខុសច្បាប់។

សម្រាប់ទីតាំង ដែលសមត្ថកិច្ច ចុះចាប់បាននេះ មានម្ចាស់ឈ្មោះ ថាហ៊ឹម សុខហឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបើតាមចម្លើយសារភាព របស់ម្ចាស់ទីតាំង ឈ្មោះ ហ៊ឹម សុខហឿន បានប្រាប់ថា ទំនិញទាំងនេះពិសេស ពោះវៀនជ្រូក គឺប្រមូលទិញពីឈ្មោះ ធុន ឆាង រស់នៅខេត្តបន្ទាយមានជ័យ ចំនួនជិត២០តោន ប៉ុន្តែទើបតែដឹកមកស្តុកទុកនៅទីនេះ ប្រមាណ៥តោនប៉ុណ្ណោះ ហើយពោះវៀនជ្រូកទាំងនេះ គឺទិញយកមកកែច្នៃធ្វើស្រោមសាច់ក្រក នាំចេញទៅប្រទេសចិន ហើយខ្លួនបានសហការជាមួយជនជាតិចិន សញ្ជាតិអាមេរិក ម្នាក់ទៀតឈ្មោះ ទុង សឿមិញ និងបានដឹកមកស្តុកនៅទីនេះបាន ២សប្តាហ៍ប៉ុណ្ណោះ ចំណែកឯឧបករណ៍និងម៉ាស៊ីន គឺនាំចូលមកពីប្រទេសចិន ប៉ុន្តែការពិតយ៉ាងណា គឺមិនទាន់ច្បាស់ថា សាច់ខូចគុណភាពទាំង ធ្លាប់នាំចូលមកចរាចរលក់ក្នុងស្រុក ឬក្រៅស្រុក ប៉ុន្មានលើកមកហើយទេ ហើយមានមនុស្សប៉ុន្មានអ្នកដែលធ្លាប់បានញាំវា។

លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបស្សុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល បានប្រាប់ថា ទំនិញទាំងនេះគឺសុទ្ធតែខូចគុណភាពទាំងអស់ ហើយម្ចាស់ទីតាំងនេះ ក៏ពុំបានសុំច្បាប់ដឹកជញ្ជូន នាំចូល និងស្តុកផលិតកម្មសាច់សត្វនោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមការងារត្រួតពិនិត្យ ក.ប.ប បានធ្វើការត្រួតពិនិត្យជាក់ស្តែង ឃើញថា របស់ទាំងនេះ វាជារបស់ខួចគុណភាព និងគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ ទើបតំណាងអយ្យការ បានសម្រេចឲ្យយកវត្ថុតាងខាងលើ រក្សាទុក ចំណែកឯសម្ភារ និងឧបករណ៍ផ្សេងៗគឺខាងសាខាគយ និងរដ្ឋាករ បានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ ចំពោះ ម្ចាស់ទំនិញត្រូវបានបញ្ជូនទៅ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយទំនិញទាំងនោះក៏នឹងត្រូវធ្វើការដកហូតដើម្បីដុតបំផ្លាញចោល៕