(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង មួយ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើចរាចរបានដោយសេរី រវាងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ក្នុងសេចក្តីជូនដំណឹងនេះគឺមានន័យថា ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅ   រាជធានីភ្នំពេញទាំងអស់អាចធ្វើចរាចរ និងធ្វើដំណើរទៅមករវាងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រ           ខេត្តកណ្តាល ក៏ដូចជាអាចធ្វើចរាចរ និងធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ នៃរាជធានីភ្នំពេញ និងក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រមទាំងពីភូមិ សង្កាត់ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយគ្មានការហាមឃាត់ ឬរឹតត្បិតនៃការធ្វើដំណើរឡើយ។

ដូចនេះសូម ពុកម៉ែបងប្អូនយើង ចែករំលែកព័ត៌មាន នេះទាំងអស់គ្នា ព្រោះវាក៏ដូចជាការចូលរួមចំណែកជាមួយ រដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាល នៃជម្ងឺ កូវីដ ១៩ ផងដែរ៕