ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ មានគណនីហ្វេសបុគ មួយ ដែលមានឈ្មោះថា Sok Keang បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹកថា«ខណៈពេលនេះ ប្អូន @Sokha Sokha បានធ្វើការសុំទោសជា សាធារណៈ និងកិច្ចសន្យាអប់រំ នូវកំហុសឆ្គងនាពេលកន្លងមក នៅអធិការនគរបាលក្រុងសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ»។

បុគ្គលឈ្មោះថា សុខា សុខា តាមពិតគឺជាតារាកំពុងល្បី នៅក្នុងបណ្តាញសង្គម Tik Tok ម្នាក់ដែលមានគណនីយ ឈ្មោះថា Sokha sokha ដែលពុកម៉ែបងប្អូន តែងធ្លាប់បានឃើញគាត់សម្តែង កាយវិការ និងតែងនិយាយក្នុងឃ្លីបរបស់គាត់ថា« គាត់ជាកូនលោកផ្កាយ៣ អ្នកមានអំណាច និងជាពិសេសេ មានកាំភ្លើងប្រើប្រាស់ទៀត។»

បន្ទាប់ពីមានការ កោះហៅឲ្យចូលខ្លួនបំភ្លឺ ទើបមហាជន និងហ្វេនៗរបស់គាត់ បានដឹងថា មូលហេតុដែលនាំឲ្យមានកោះហៅឲ្យមកទទួលការណែនាំ និងធ្វើកិច្ចសន្យានេះ គឺព្រោះតែគាត់បានប្រើពាក្យសម្តី មិនសមរម្យ ជេរប្រទិចគ្នា អះអាងថាខ្លួនជាកូនលោកផ្កាយ ៣ អ្នកមានអំណាចនៅក្នុងទឹកដីក្រុងសួង ហើយអ្វីដែលធ្ងន់ធ្ងរ គឺគាត់បាននិយាយ    គម្រាមទៅកាន់គូរបដិបក្ស គាត់ ថាគាត់មានកាំភ្លើង សម្រាប់ទុកបាញ់អ្នកដែលចាំមកទើសគាត់ កត្តាទាំងនេះហើយជាមូលហេតុ ព្រោះប្រទេសយើងមានច្បាប់ មានសន្តិភាព មិនអនុញ្ញាត ឲ្យមានបុគ្គលណា មកបោះពាក្យសម្តី ប្រមាថ ឬអាងថាមានអាវុធ កាំភ្លើង ទុកសម្រាប់គម្រាម បាញ់គេ គ្រប់ពេលនោះទេ។

សូមបញ្ជាក់ថា៖ ផេគហ្វេសបុគ្គ ផ្លូវការ របស់អធិការដ្ឋាននគរបាលក្រុងសួង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ក៏បានបង្ហោះសារភ្ជាប់ជាមួយ រូបភាពប៉ុន្មានសន្លឹកថា«ក្រោយពីដឹងកំហុសរបស់ខ្លួន ដែលប្រើពាក្យពេជន៍ និងកាយវិការមិនសមរម្យនៅក្នុងfacebook និង Tik Tok ដែលធ្វើអោយប៉ះពាល់ដល់សង្គមជាតិនិងអ្នកដទៃ ពេលនេះអធិការដ្ឋាននគរបាលក្រុងសួងបានធ្វើការកោះហៅ សាកសួរនិងណែនាំរួចហើយ ជនរូបនេះបានមកសារភាពកំហុសនិងព្រមធ្វើកិច្ចសន្យាថានឹងមិនបង្កភាពមិនល្អ និងប្រើពាក្យសំដីប៉ះពាល់ដល់សង្គមជាតិឬអ្នកដទៃទៀតឡើយ៕