(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញនូវសេចក្តីណែនាំមួយ ទាក់ទងនឹកការណែនាំឲ្យមាហាជន មានការយកចិត្តទុកដាក់ និងពិនិត្យឲ្យបានត្រឹមត្រូវមុន នឹងទិញទឹកអាល់កុល ឬផលិតផលលាងសម្អាតដៃ មកប្រើប្រាស់។

ព្រោះបើតាមការអង្កេត និងពិនិត្យនៅលើទីផ្សារបច្ចុប្បន្ន ឃើញថា មានការផ្សព្វផ្សាយលក់ និងកំពុងចរាចរលក់ផលិតផលអាល់កុល ក៏ដូចផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត សម្រាប់ការពារ និងទប់ស្កាត់ នូវការឆ្លងមេរោគកូវីដ-១៩ (Covid-1 9) ដោយពុំមានការត្រួតពិនិត្យ គុណភាព និងគ្មានការ ចុះបញ្ជីផលិតផល ច្បាស់លាស់ទៀតផង។

ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានធ្វើតេស្ត លើផលិតផលមួយចំនួន (ពុំមានបញ្ជាក់លក្ខណៈគុណភាព និងការចុះបញ្ជីផលិតផល ត្រឹមត្រូវ) ដែលកំពុង ចរាចរនៅលើទីផ្សារនោះ ជាលទ្ធផលបង្ហាញឱ្យឃើញថា ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងដៃមួយចំនួន មានបរិមាណអេតាណុល (អាល់កុល)ក្នុងកម្រិតមួយ ដែលមិនអាចសម្លាប់មេរោគបានឡើយ ហើយផលិតផលមួយចំនួនទៀត មានបរិមាណមេតាណុល ក្នុងកម្រិតមួយដែលអាច បង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពទៀតផង។

ដូចនេះដើម្បីជៀសវាងនូវការខាតបង់ ថវិកា និងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូន ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាត ត្បាតនៃជំងឺដ៏កាចសាហាវ កូវីដ១៩ (Covid-19) ដែលកំពុងរីករាលដាលនៅព្រះរាជាណាចក្រកម្ពុជា ទើប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ចេញណែនាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ និងពិនិត្យ ឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញនូវទឹកអាល់កុល ឬផលិតផលលាងសម្អាតដៃ មកប្រើប្រាស់។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើការរំលឹក និងណែនាំអំពី ផលិតផលកំពុងចរាចរមួយចំនួនដែលមិនមានគុណភាពគ្រប់គ្រាន់ និងមិនមានសុវត្ថិភាពក្នុងការ ប្រើប្រាស់ ដោយមានបង្ហាញនៅក្នុងរូបភាពភ្ជាប់មកជាមួយ៕