ឧត្តរមានជ័យ៖ បន្ទាប់ពីមានការល្បីរន្ទឺពេញស្រុកខ្មែរ ពីមហាទឹកចិត្តអ្នកមានទ្រព្យធុន​ស្តុក​មិនស្មើ បុរសជាជនពិការដៃទាំងសងខាង លឹម ភា អាស្រ័យរបរច្រៀងសុំទាន សន្សំ​​ប្រាក់​ទិញដីបាន៥០ហិកតា និងបានពុះបំបែកឡូតិ៍ ចែកជូនអ្នកក្រ បងប្អូន​ជនពិ​ការ​ ៣០០គ្រួសារ ខណៈមហាទឹកចិត្តនេះក៏គ្មានមហាឧកញ៉ាណាធ្វើបាន ដែលធ្វើឱ្យផ្ទុះ​ការសរសើរកក្រើកពេញប្រទេសពីសំណាក់ពលរដ្ឋខ្មែរ។ ទោះជាយ៉ាងនេះក្ដី តែប្រវត្ត​តស៊ូ​របស់មនុស្សអច្ឆរិយ លឹម ភា ក៏ពិតជាមិនធម្មតា និងស្ទើរតែគ្មានអ្នកណា​អាចធ្វើ​បាន​ដូចលោក ទាំងដែលខ្លួនជាមនុស្សពិការគ្មានដៃផងនោះ។

លោក លឹម ភា មានអាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន​៧​នាក់ ក្នុងនោះស្រី៣នាក់ រស់នៅក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង​ប្រា​សាទ ខេត្តឧត្តរមានជ័យ ដោយលោកជាអតីតយោធាខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ លោកបានដោះគ្រាប់មីនបណ្តាលឱ្យផ្ទុះដាច់ដៃទាំងសងខាង និងខ្វាក់ភ្នែកខាងឆ្វេងផងដែរ ធ្វើឱ្យរូបលោកក្លាយខ្លួនជាជនពិការតែក្នុង​មួយប៉​ព្រិច​ភ្នែក។

ក្រោយធ្លាក់ខ្លួនជាជនពិការ លោកក៏ធ្លាប់គិតអស់សង្ឃឹមក្នុងជីវិតផងដែរ តែអារម្មណ៍​មួយបាន​ដាស់ស្មារតីឱ្យមានកម្លាំងចិត្តថា ទោះខ្លួនធ្លាក់ក្នុងសភាពបែបនេះក៏​ដោយ​ក៏មិនត្រូវបោះបង់ការតស៊ូនោះដែរ ពោលគឺតស៊ូរហូតដល់ទីបញ្ចប់។ ក្រោយពីគិត​ឃើញ​ដូច្នេះ លោកក៏បានសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើរច្រៀងសុំទាន រហូតដល់ឆ្នាំ២០១០ អស់រយៈពេល៥ឆ្នាំ ដែលសន្សំបានប្រាក់កាសខ្លះមក​ដីមួយចំនួន​នៅ​ក្នុងស្រុក ដល់ដើមខែមករា២០១១ លោកក៏បានចាកចេញពីប្រទេសថៃ ចូល​ទៅ​ប្រទេសម៉ាឡេស៊ីបន្តទៀត ហើយបានផ្លាស់ប្តូរមុខរបរពីដើរច្រៀងសុំទាន មក​ជា​លក់​ទឹក​ឃ្មុំវិញម្តង ដែលបានកម្រៃចំណេញគួរសម ក៏យកលុយមកទិញដី​បន្ថែមបាន​ចំនួន​៥០ហិកតា ដែលមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ រួចក៏ចាប់ផ្តើមរស់នៅ​ក្នុង​ស្រុកធ្វើការឈួសឆាយ ចាក់ដីធ្វើផ្លូវចូលដល់ទីតាំងដី ហើយនៅដើមខែមករា​២០២០​នេះ លោកបានពុះឡូត៍ជាប្លង់ដីបានចំនួន៦០០ប្លង់ ក្នុង១ប្លង់ៗមាន​ទំហំ៨ម៉ែត្រគុណ​នឹង១៨ម៉ែត្រ ទុកសម្រាប់បែងចែកដល់ប្រជាពលរដ្ឋក្រីក្រនិងជនពិការ ដែលពេលនេះ ប្រជាពលរដ្ឋរួមទាំងជនពិការ៣០០គ្រួសារ បានមកទទួលយកដីសាងសង់​លំនៅឋាន​រៀងៗខ្លួនរួចរាល់អស់ហើយ និងកំពុងរស់នៅផងដែរ៕