ភ្នំពេញ៖ បើទោះជាបច្ចុប្បន្នកម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុស​កូវីដ១៩​ច្រើនថ្ងៃ​ក៏ពិត​មែនក្ដី ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានការ​ព្រួយ​បា​រម្ភយ៉ាងខ្លាំង ក៏ដូចជាទទួចសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តជួយសម្រប​សម្រួល ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និង​គម្លាត​សុវត្ថិភាពសង្គម និងប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ឱ្យបានគ្រប់ៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពី​យើង​ទេ ហើយីយើងធ្វេសប្រហែសបែបនេះ មានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងវីរុសនេះ​ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរ។ សុំចូលរួម​ផ្សព្វផ្សាយឱ្យបានទូលំទូលាយលើកិច្ចការពារនេះ កុំឱ្យមានរលកទី ២ នៃការចម្លង​វីរុស​កូវីដ-១៩ នេះឱ្យសោះ»៕