ភ្នំពេញ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងមានការរឹតបន្តិង ក៏ដូចជាការផាកពិន័យចំពោះយានយន្ដទាំងឡាយណា ដែលមិនបានគោរព​ច្បាស់​ចរា​ចរ ដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ព្រមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ បានចេញសារក្រើនរំឭកដល់​បង​ប្អូនសារជាថ្មី ចំពោះឯកសារដែលចំបាច់មួយចំនួនដែលត្រូវមាន​ជាប់ខ្លួន​ក្នុងពេល​បើកបរ។ ដោយក្នុងការបង្ហោះរបស់សម្ដេចមានខ្លឹមសារយ៉ាងដូច្នេះថា «ឯកសារចាំបាច់​បំផុត​ដែលត្រូវមានក្នុងពេលបើកបរ ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យ​រថយន្ត​របស់ខ្លួន ថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក​អោយបាន​ទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បី​ធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម»។

លើសពីនេះ សម្ដេចបានបន្តទៀតថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើក​បរ​ជាប់​នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវ​បន្ត​សុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវ​ដោយគ្មាន​ប័ណ្ណ​បើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែល​អាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាព​ក្នុងការ​បើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»៕