ភ្នំពេញ ៖ នៅមុននេះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះ​ដាស់​តឿនបងប្អូនប្រជាពលរដ្ឋឱ្យដឹងយ៉ាងដូច្នេះថា «បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិត​នៅ​ភ្លើងស្តុបពណ៌លឿងនៅឡើយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពារជា​មួយវី​រុស​​កូវីដ-១៩ ធ្វើឲ្យសោកការសុខភាពលោកអ្នក៖ ខ្ញុំសូមបញ្ជាក់ជូនថា ចរាចរវីរុស​កូវីដ-១៩ នៅមិនទាន់មាន​ភ្លើងស្តុបព័ណក្រហមនៅឡើយទេ។ កម្ពុជាស្ថិតនៅ​ស្ថាន​ភាព​ភ្លើងស្តុបព៌ណលឿងនៅឡើយទេ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ ហើយ​នៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់​ទៅបុកប៉ះ​វីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហើយណា។

សុំចូលរួមគោរពបទបញ្ជា និងការណែនាំរបស់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង និងការណែ​នាំ​នានា​របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតការវ៉ៃលុករលក​ទី២នៃការចម្លង​វីរុស​កូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។ ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា នេះផងណា។ សូមគោរពអរគុណ និងអរគុណ។ ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។