តាកែវ៖ បុរសជាអ្នកបើកបររដយន្ដស៊ីឈ្នួលដឹកអីវ៉ាន់ម្នាក់ បានក្លាយជាមនុស្ស​ដំបូង​គេដែលត្រូវបានផាកពិន័យដល់ទៅ១,២លានរៀល បន្ទាប់ពីបុរស​ម្នាក់នេះបញ្ជារ​រថ​យន្ដទាំងដែលមិនមានប័ណ្ណបើកបរ​។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុង​ស្រុកបានចុះផ្សាយនៅមុននេះ។

ក្នុងការផាកពិន័យបុរសរងការផាកពិន័យបានរៀបរាប់ថា ប្អូនបានទទួលស្គាល់ ក៏ប៉ុ​ន្តែទំហំនៃការផាកពិន័យនេះ វាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ប្អូន ដែលមានមុខរបរ​ត្រឹម​អ្នកស៊ីឈ្នួលរត់តាក់ស៊ីដឹកអីវ៉ាន់ឱ្យគេ ដែលត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ ១លាន២សែនរៀលនេះ។ តែយ៉ាងណា ស្នងការនគរបាលខេត្តតាកែវលោក សុខ សំណាង បានលើកឡើងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺជាការរឹតបន្តឹងទៅដល់អ្នកប្រើប្រាស់លើទ្រូងផ្លូវ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងពេលចុះត្រួតពិនិត្យ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ថ្មីនៅតាម​គោលដៅចំនួន៤នៅតាមបណ្តាយផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ៣ លោក​ឧត្តម​សេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ការអនុវត្តនេះដែរ គឺធ្វើទៅដោយស្មើភាពគ្នា មិនដូចការលើកឡើងថា អនុវត្តន៍តែប្រជាពលរដ្ឋ រីឯមន្ត្រីរាជការ ឬអ្នកធំមិនព្រម​អនុ​វត្តនោះទេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ឱ្យតែអ្នកប្រើ​ប្រាស់លើទ្រូងផ្លូវ ហើយ​ល្មើសច្បាប់ មិនមានប័ណ្ណបើកបរ គ្មានការត្រួតពិនិត្យឆៀកច្បាស់លាស់ មិន​ពាក់ខ្សែ​ក្រវាត់ ម៉ូតូមិនមានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ ឬ មិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យ៕