ភ្នំពេញ ៖ បើទោះជាចំនួនអ្នកឆ្លងវីរុសកូវីដ១៩ត្រូវបានគ្រូពេទ្យខ្មែរព្យាបាលជាសះ​ស្បើយជិតអស់ និងមិនមានករណីឆ្លងថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹក​នាំកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និងជេលលាងសម្អាតកម្ចាត់មេរោគនិងបាក់​តេរី​ផ្សេងៗ​អោយបានជាប្រចាំ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាសុវត្តិភាព​អាយុជីវិតអ្នក និង​អ្នកដទៃលើដងផ្លូវ។

ដោយនៅមុននេះលើទំព័រហ្វេសប៊ុករបស់សម្ដេច បានបង្ហោះសំណេរក្នុងខ្លឹមថា «សុខ​សប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនបន្តយកចិត្តទុកដាក់​ប្រុងប្រ​យ័ត្នថែរ​ក្សា​សុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុង​ប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យា​បាលជាសះ​ស្បើយ​ច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូម​បង​ប្អូនប្រជាលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និង​ជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ»។ ជាមួយគ្នា​នោះ សម្ដេចបានបន្តទៀតថា «ស្របពេលនឹងការបង្កើនអនាម័យថែរក្សា​សុវត្ថិ​ភាពសុខ​ភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់​ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។ សូមជូនពរបង​ប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ​នៅគ្រប់​ទីក​ន្លែងទូទាំងប្រទេស។ អរគុណសន្តិភាព»៕