រាជធានីភ្នំពេញ ៖ ក្នុងលិខិតគោរពជូនទៅកាន់សម្ដេច តេជោ ហ៊ុន សែន ស្ដីពីការសំណូមពរការបើកដំណើរការគ្រឹះស្ថានសិក្សាពីសំណាក់សមាគមគ្រឹះស្ថានសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមួយចំនួន នោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ច្បាស់ថា ៖ «ខ្ញុំយល់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតគ្រប់ប្រភេទគួរបន្តពន្យាពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២» ។

លោកក៏បានបញ្ជាក់បន្ថែមថា«ក្រសួងនឹងពិចារណាបន្ថែមទៀត លើការបើកសាលារៀនឡើងវិញ ឱ្យបានមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចូលបវេនសកាលឆ្នាំសិក្សាថ្មី ហើយក្រសួងអប់រំបានតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំនៃការវិវត្តន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក ជាពិសេសនោះផលប៉ះពាល់ដោយជំងឺនេះលើវិស័យអប់រំទាំងសាធារណៈ និងឯកជន ហើយក្រសួងក៏មិនប្រងើយកន្ដើយចំពោះបញ្ហាសេដ្ឋកិច្ច និងការបើកឲ្យដំណើរការសាលារៀនឡើងវិញផងដែរ » ៕