រាជធានីភ្នំពេញ៖ ករណីបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វ «កេងកេងធំ» ហើយយកទៅផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើឲ្យមហាជនផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងទាមទារឲ្យការអន្តរាគមន៍ពីសមត្ថកិច្ចតាមផ្លូវច្បាប់ចំពោះទង្វើនេះ ហើយនៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ បុរសខាងលើបានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃ ចំពោះមុខក្រសួងបរិស្ថានផងដែរ។

យ៉ាងណាមិញ ជនដែលបានសម្លាប់សត្វកម្រនោះមានឈ្មោះ គ្រុយ ចំរើន បានរៀបរាប់នៅក្នុងលិខិតសុំអភ័យទោសដែលផ្សព្វផ្សាយដោយសារព័ត៌មានបានបញ្ជាក់ថា៖ «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វ «កេងកងធំ» ចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»៕