រាជធានីភ្នំពេញ ៖ មុននេះគណនីហ្វេសប៊ុកលោក Long Dimanche ដែលជាអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហោះដំណឹងដ៏សែនរីករាយសម្រាប់បងប្អូនស្រ្តីខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ដោយសារការរាតត្បាតនៃវីរុស កូវីដ១៩ ឲ្យអស់ក្ដីបារម្មណ៍ ខណៈទូតខ្មែរនៅកូរ៉េបានសម្រេចបង្កើតនូវគម្រោងកសិកម្មមួយ ដើម្បីជួយសម្រាលនូវការខ្វះខាត ក៏ដូចជាទុក្ខលំបាកនានារបស់បងប្អូនក្នុងកំឡុងពេលកូវីដ១៩ ផងដែរ។

ប្រភពដដែលក៏បានបញ្ជាក់ប្រាប់យ៉ាងក្បោះក្បាយថា «បន្លែសហគមន៍» គឺជាគម្រោងថ្មីមួយដែលបង្កើតឡើងដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ស្ត្រីខ្មែររៀបការស្វាមីកូរ៉េដែលរងផលប៉ះពាល់ដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណា និងក៏ជាការបំផុសបំផុល ជម្រុញទឹកចិត្តប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់វិស័យកសិកម្មឡើងវិញផងដែរ»។

អមជាមួយដំណឹងសែនរីករាយនេះ ប្រភពដដែលបានបន្ថែមឲ្យដឹងថា«នេះជាគម្រោងទី១របស់ស្ថានទូតដែលបើកសម្ពោធកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញនេះនៅតំបន់អានសាន ហើយខ្ញុំសូមអំពាវនាវឱ្យបងប្អូនស្ត្រីខ្មែរនៅកូរ៉េដែលមានបំណងចង់ចូលរួមក្នុងគម្រោងនេះ មេត្តាទាក់ទងមកស្ថានទូតកម្ពុជា យើងខ្ញុំនឹងពិចារណាផ្ដល់ជូននូវដីសម្រាប់ដាំដុះ កូនពូជ គ្រាប់ពូជ និងសំភារៈបរិក្ខាដាំបន្លែមួយចំនួនដោយឥតគិតថ្លៃ»៕