រាជធានីភ្នំពេញ ៖ នៅមុននេះ​បន្តិចលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​បានធ្វើការអបអរ​សាទរ​ចំពោះ​ស្រ្តីចុងក្រោយ​ដែល​បានជាសះស្បើយ​ពីជំងឺកូវីដ-១៩នៅក្នុងប្រទេស​ ​ដោយប្រសាសន៍ដូច្នេះ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសាទរក្មួយស្រីដែលជាអ្នក​ជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។

យ៉ាងណាក្ដីបើទោះបីកម្ពុជា​ព្យាបាលជាសះស្បើយ​ និងពុំមានអ្នកឆ្លងថ្មី​ក៏ពិត​មែន ក៏សម្ដេចតេជោ ប្រមុខដឹកនាំ​ប្រទេស​​បន្តធ្វើការអំពាវ​នាវជូនជនរួមជាតិទៀតថា៖ «ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន​ខ្ពស់មានអនាម័យ​ជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃ​ជាមួយ​សាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ»។

សម្ដេចតេជោ បានបន្ថែម​ថា៖ «នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។ សូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា»៕