មន្ទីរបរិស្ថានខេត្តរតនគិរី ៖ លើទំព័រហ្វេសប៊ុក​រ​បស់ក្រសួងបរិស្ថាន​ បានបង្ហាញ​នូវរូបភាព​សត្វកម្រជាច្រើន​ប្រភេទ​ដែលកំពុងមានវត្តមាន​លើ​ទឹកដីកម្ពុជា​ដែល​ថតបាន​ដោយកាមេរ៉ា​ស្វ័យប្រវត្តិ ដោយ​បញ្ជាក់​ថា៖ «មន្ទីរ​បរិស្ថានខេត្តរតនគិរីកាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា»។

ប្រភព​បន្តទៀតថា៖ «តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ ដោយក្នុងនោះរួមមានសត្វព្រៃដែលចាំបាច់ត្រូវ​យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម»៕