រាជធានីភ្នំពេញ ៖ ព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះ​លើ​ទំព័រហ្វេសប៊ុក​ផលិតកម្ម Galaxy Navatra បាន​បន្តជូនដំណឹង​ស្ដីពីការទិញសិទ្ធិផ្ដាច់មុខស្នាដៃកវី គង្គ ប៊ុនឈឿន និងស្នើទៅកាន់​បណ្តា​ផលិត​កម្ម ឬយូធូបផ្សេងៗ​លុបចេញបន្ទាន់​ត្រឹមថ្ងៃទី០១ ខែមិថុនា ខាងមុខក្នុងខ្លឹមសារលម្អិតថា៖ «ដើម្បី​​ចូល​រួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាព​អ្នកដែលបាន​ទទួ​ល​សិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Yotube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត – លោកយាយ រស់សេរីសុទ្ធា និងមរតកសំនៀងជាច្រើនរូបទៀត»។

ប្រភព​បន្តទៀតថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ។ សូមបណ្តាផលិតកម្ម និងម្ចាស់ Channel Youtube ព្រមទាំងសាធារណៈជនទាំងអស់ទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីយើងខ្ញុំ»៕