រាជធានីភ្នំពេញ ៖ រូបភាព២សន្លឹក​ដែល​បង្ហាញដោយ​ទំព័រហ្វេសប៊ុកមួយឈ្មោះ បង តារាចេម ស្ដីពីសកម្មភាព​របស់កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង​លើ​វិថីសិល្បៈ​រាប់ឆ្នាំ ពេល​នេះ​បាន​ធ្លាក់ខ្លួន​ធ្វើសំណង់​គួរឲ្យអាសូរ​ និងស្រណោះ​បំផុត​ទាញទឹកភ្នែកមហាជន​រាប់​លានតំណក់ទៅហើយ​ ដោយ​ប្រភព​បានដាក់ចំណងជើង​លើ​រូបនេះថា៖ «ស្គាល់គាត់ទេ??  He is my idol បទដែលខ្ញុំចូលចិត្ត​បំផុតគឺបទ កំពង់សោមដួងចិត្ត !»។

យ៉ាងណាក្ដីជុំវិញ​រូបភាព​ដ៏រន្ធត់ចិត្តអាណិតពេញប្រទេស​នេះ អង្គភាពសារព័ត៌មាន តារាញូស៍ បានទំនាក់ទំនងតាមលេខទូរស័ព្ទ​ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ ប៉ុន្តែ​ពុំទទួលបានការឆ្លើយ​តប និងបញ្ជាក់លម្អិតបាន​នៅឡើយទេ។ ទន្ទឹមនេះនៅក្នុងខមិនខាងក្រោម​រូបភាព​ក៏មាន​ការ​អាណិតពីអ្នក​លេង​ប​ណ្ដាញសង្គម​ដោយសំណេរថា៖ «ឱ! លោកអើយ​ ហេតុអីបានជាគាត់ធ្លាក់ខ្លួន​ដល់ថ្នាក់​នេះ? គួរឲ្យ​សង្វេគ​ណាស់​​​វាសនាមនុស្ស​មើលមិនឃើញមែន»។

បន្ថែម​លើនេះ​ក៏មាន​ប្រិយមិត្ត​ម្នាក់​ខមិន​តប​ទំនង​ជាស្គាល់​ម្ចាស់បទ «កោះឧកញ៉ាតី» បាន​លម្អិតថា៖ «គាត់ទំនេរពីការងារហើយជួយបងប្អូនគាត់ធ្វើផ្ទះ ផ្ទះកំពុងធ្វើជាផ្ទះគាត់»។ ជាមួយគ្នានេះ​យោងតាមសម្ដី​របស់​តារាសម្ដែងលោក គីសាន់ រ៉ៃយ៉ា ដែលជាកូនប្រុស​តារាកំប្លែងជើងចាស់នាយឆើត បានបញ្ជាក់​ថា៖ «រូបភាពលោកពូ ណូយ វ៉ាន់ណេត នេះប្រហែល​ជាគាត់ធ្វើ​នៅផ្ទះខ្លួនឯង​បន្ទាប់ពីទំនេរ​ការងារសិល្បៈប៉ុណ្ណោះ សព្វថ្ងៃ​គាត់មានជីវភាព​ធូរធាហើយ និងមានផ្ទះរស់នៅសមរម្យ​ទៅនឹងកេរ្តិ៍ឈ្មោះ​របស់គាត់»៕