រាជធានីភ្នំពេញ ៖ មុននេះកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាលោក កែវ សុខផេង ដែលជាសំណព្វចិត្តរបស់អ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសនារីៗមួយចំនួនធំដោយសាររូបរាងស្រស់សង្ហា និងមានសមត្ថភាពលេងបាល់បានល្អគួរចាប់អារម្មណ៍ ស្រាប់តែចេញសារប្រកាសដំណឹងហ្មងសៅទាំងព្រឹក ដល់សាធារណជនឲ្យបានជ្រាបច្បាស់ជៀសវាងមានបញ្ហាណាមួយជាយថាហេតុ ដោយសារគណនីហ្វេសប៊ុកផ្លូវការរបស់លោកកំពុងមានបញ្ហា។

សំណេរសោកសៅ បង្ការគ្រោះចៃដន្យ កែវ សុខផេង ដែលលេចមុខក្នុងក្រុមជម្រើសជាតិ ពិសេសទើបសាងស្នាដៃជាប្រវត្តិសាស្រ្តជូនកម្ពុជានាព្រឹត្តិការណ៍ស៊ីហ្គេមបានរៀបរាប់យ៉ាងជាក់ច្បាស់ដូច្នេះថា៖ «សួស្តីបងប្អូនទាំងអស់គ្នា! សូមជម្រាបថា ពេលនេះគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំកំពុងមានបញ្ហាដោយមិនទាន់អាចគ្រប់គ្រងវិញបាននៅឡើយ ដូច្នេះ ប្រសិនបើមានការ post ឬមានការទំនាក់ទំនងណាមួយទៅកាន់បុគ្គលណាម្នាក់គឺខ្ញុំបាទសូមមិនទទួលខុសត្រូវឡើយ ខ្ញុំបាទនឹងជូនដំណឹងជាថ្មីនៅពេលដែលបញ្ហាខាងលើត្រូវបានដោះស្រាយរួចរាល់»៕