រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ តារាចម្រៀងប្រុសក្នុងផលិត​កម្ម​សាន់ដេលោក ឆាយ វីរៈយុទ្ធ បាន​ដឹកដៃគូស្នេហ៍ថែចិត្តគ្នាអស់៧ឆ្នាំ មុនចូលរោងនេះ​នាម សែ ​ចាន់ឌី ដែលត្រូវគេស្គាល់ថា​ជាកូនស្រី​ ​លោក ហាក់ សែ ថៅកែ​រោង​ម៉ាស៊ិន​កិនស្រូវដ៏ធំនៅទឹកដីភូមិ​តាសែន ឃុំ​សុទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ខណៈក្នុងថ្ងៃពិសេស​នោះ​ពិធីជប់លៀងលាភាពនៅលីវ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួមប្រមាណ២០០តុមានទាំងអ្នកជំនួញ និងអ្នកសិល្បករល្បីៗទន្ទឹមនោះ ឆាយ វីរៈយុទ្ធ ក៏បានសច្ចា​នៅចំពោះមុខមេបា និងភ្ញៀវកិត្តិយសថា «បង​នឹង​មើល​ថែអូន​អស់​មួយជីវិត លុះ​ចាស់​កោង​ខ្នង»។

ជាមួយគ្នានឹង​ពាក្យសច្ចារួមរស់​ព្រោះជាគូពីបុព្វេ​​មកដល់​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះលើ​ហ្វេសប៊ុក​របស់​តារាចម្រៀង​ដែល​កំពុងក្រសោបប្រជាប្រិយ​ពេញដៃប៊ឹប ក្រោមការជួយជ្រោមជ្រែងបន្ថែមពីភរិយា លោក ឆាយ វីរៈ​យុទ្ធ ក៏បានថ្លែងរំឭកអនុស្សាវរីយ៍លើ​ហ្វេសប៊ុកខ្លួនថា «រីករាយខួបអាពាហ៍ពិពាហ៍គំរប់3ឆ្នាំ Happy Anniversary (21-05-2020) »។ បន្តពីសារ​នេះ​គេសង្កេតឃើញ​អ្នកគាំទ្រ​ជាច្រើន​បានចូលរួមខមិន​អបអរ​ហូរហែផងដែរ។

គួរបញ្ជាក់ថាតារាចម្រៀង​ ឆាយ វីរៈយុទ្ធ ក្រោយរៀបការជាមួយកូនក្រមុំ​អ្នក​ព្រៃឈរ កញ្ញា សែ ចាន់ឌី ៣ឆ្នាំហើយ តែក្រោយរៀបការ​មានមហាជនមិនតិច​ទេ​ដែលគិតថា​ ឆាយ វីរៈយុទ្ធ នឹងបោះបង់អាជីពសិល្បៈ​ដ្បិត​ទៅជួយពង្រឹងជំនួញអង្ករ​ដ៏ធំ។ ផ្ទុយស្រឡះពីនេះ​លោកមិនបានបោះបង់ឡើយ ដោយត្រូវបានទទួលការជម្រុញ​ពីភរិយា​​ឲ្យបន្តលើវិថីចម្រៀង និងជួយ​និពន្ធ​បទចម្រៀងល្បីៗ​ឲ្យទៀតផង។ ជាមួយគ្នានេះពួកគេទាំង២ក៏ទទួលបានចំណងដៃកូនស្រី​១រូប ក្រោមការ​សាទរ និងកោតសរសើរពី​មហាជន​ផងដែរ៕