រាជធានីភ្នំពេញ ៖ អស់រយៈពេលប្រមាណជិត២ឆ្នាំទៅហើយ ដែល​តារាសម្ដែងល្បីឈ្មោះលោក យូឌីស្កូ បាន​ឆ្លងផុត​ជ្រោះមរណៈ​នៃជំងឺក្រលៀនធ្ងន់​ធ្ងរ ក្រោមទានសង្រ្គោះសន្តោសជីវិតពី​សប្បុរសជន មិត្តភក្ដិសិល្បៈ សមាគមសិល្បៈ និង​សម្ដេចទាំង២ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​លោក យូឌីស្កូ បាន​ហៅថាជាទេវតាឋានកណ្ដាល​ជួយស្រោចស្រង់ជីវិត​លោក​ឲ្យបានដូចសព្វ​ថ្ងៃ​ជាមួយសុខភាព​កាន់តែប្រសើរ​ ឯសាច់ឈាមស្រស់ថ្លា​គួរជាទីសាទរ​ពី​មហាជន និងមិត្តសិល្បៈដែលធ្លាប់ស្មោះស្ម័គ្រ​ជួយ​កន្លងមក​ក៏ពោល​សរសើរ​មិនដាច់ពីមាត់​ដែរ។

ជាមួយនឹងដំណឹងរីករាយ​លាយស្ថានភាព​ល្អដូច្នេះថ្មីៗនេះ​លើ​គណនីហ្វេសប៊ុក​របស់លោក យូឌីស្កូ បាន​បង្ហោះ​ពីអាជីពថ្មី​លក់អង្ករ​ល្បីឈ្មោះមួយដោយទឹកមុខ​មានទំនុកចិត្តបំផុត។ ជុំវិញការចាប់​អាជីពនេះ​ អង្គភាពសារព័ត៌មាន តារាញូស៍ ក៏បាន​ទំនាក់ទំនង​តាមទូរស័ព្ទ​ផ្ទាល់សាកសួរ​ទាំងសុខទុក្ខ និងអាជីព ត្រូវបាន​សាមីខ្លួន​ឆ្លើយត​ប​ដោយ​ស្វាគមន៍​ថា៖ «បាទ! ឥឡូវលក់អង្ករ​មួយមុខ​ទៀត​ តែមិនចំណាយ​ដើមទុន​អីទេ គ្រាន់តែ​ធ្វើជាតំណាង​ចែកចាយ មានម៉ូយ​ទិញ​ក៏ទទួលបានភាគរយតាមចំនួន​អ៊ីចឹងទៅ…»។

យូឌីស្កូ ដែលមហាជន​ចាំជាក់​រួចផុត​ពីកណ្ដាប់មច្ចុរាជ​ដោយទៅព្យាបាលជោគជ័យ​នៅប្រទេសឥណ្ឌា បាន​រំលេច​ឲ្យ អ្នកយកព័ត៌មាន តារាញូស៍ ដឹង​បន្ថែមទៀត​ថា៖ «ក្រៅពី​ទទួលលក់អង្ករ​នេះ លោក​ក៏មានមុខ​របរ​លក់ដូរ​​ឥវ៉ាន់​ផ្សេងៗទៀត​ជាច្រើនដែរដូចមួយរយៈនេះលក់​ម៉ាស់ អាល់កុល អ៊ីចឹងទៅ… និយាយទៅ​អាច​ទប់ទល់​ជីវភាព​ និងថ្នាំ​ដែលត្រូវប្រើប្រាស់ពេញមួយ​ជីវិត​ផងដែរ»។

ពាក់ព័ន្ធការងារសិល្បៈ យូឌីស្កូ ក៏បង្ហើបទៀតថា៖ «មុនកូវីដ១៩ចូលមកដល់​ លោកទទួលបានការងារ​មមាញឹកគួរសមដែរ ខាងទូរទស្សន៍ចេះតែហៅច្រៀង​អីដែរ តែពេលនេះរាងស្បើយតែម្ដង»។ បន្ថែមលើនេះ​ យូឌីស្កូ ដែល​ធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីរន្ទឺផ្នែកសម្ដែង​ប៉ុន្មានឆ្នាំមុននោះ​ក៏បានធ្វើការ​អំពាវ​នាវ​ និងសំណូមពរ​តាមរយៈអង្គភាពសារព័ត៌មាន តារាញូស៍ ទៅដល់​ផលិតករ ឬអ្នកដឹកនាំកម្មវិធីផ្សេងៗ ដើម្បីផ្ដល់​ការងារជូន​លោក​ផងដែរ។

យូឌីស្កូ សង្កត់ធ្ងន់ថា៖ «បងប្អូនផលិតករ​ទាំងអស់​អាច​ហៅលោក​បំពេញការងារ​បាន​ពុំចាំបាច់គិតពីបញ្ហាកម្លាំង​របស់លោកទេ… ទោះបីលោកទើបព្យាបាលជាសះស្បើយ​ជំងឺ​ក្ដី​ តែកម្លាំងគឺថា​ពេញ​ធម្មតាវិញហើយ ព្រោះមុនឈឺគីឡូ៧២ តែឥឡូវបាន៦៥​​វិញហើយ»។

សម្រាប់​ផលិតករ ឬម្ចាស់កម្មវិធីផ្សេងៗ​ដែលចង់បានលោក យូឌីស្កូ ទៅ​ចូលរួមគ្រប់កម្មវិធីគ្រប់ទម្រង់៖ សម្ដែង ច្រៀង ពិធីករ កិច្ចការងារសង្គម ឬពាក់ព័ន្ធនឹងសិល្បៈទាំងអស់ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ​ 076 22 222 72 /​ 096 222 72 96៕