រាជធានីភ្នំពេញ ៖ នៅមុននេះលើ​ទំព័រហ្វេសប៊ុក​របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ​ជូនដំណឹងស្ដី​ពី​ការរកឃើញស្លាក​លេខ​រថយន្ត​ដែល​ឃាត់បានពីក្រុម​ចោរ​ហារយ​ក្នុងរបាយការណ៍ឲ្យដឹងដូច្នេះថា៖ «អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ករណីលួចស្លាកលេខរថយន្ត នៅថ្ងៃទី២១-០៥-២០២០ វេលាម៉ោង១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងៃទី០៦-០៥-២០២០ វេលាម៉ោង០១ និង០០នាទីយប់ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ»។

ប្រភព​បាន​បន្តអំពាវ​នាវ​ថា៖ «បើបងប្អូនប្រជាពលរដ្ឋបាត់ស្លាកលេខរថយន្តដូច​ក្នុងរូបភាព សូមទាក់ទងមក​អធិការដ្ឋាននគរបាលខណ្ឌសែនសុខ លេខទូរស័ព្ទ​អធិការរង 077 233 326»។ ជនសង្ស័យ០២នាក់ ៖១-ឈ្មោះធូ សុភក្ត្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខដេ១៩ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ២-ឈ្មោះ ឃិន ខុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

ជនទាំង២នេះបានធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ឈ្មោះ ងន តុងអាន​ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បាត់បង់ស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-0559 , ដកហូតស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-1573 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕