រាជធានីភ្នំពេញ ៖ តារាចម្រៀងមុខមាត់ស្រស់រាងសង្ហាដូចកូនកាត់កូរ៉េ ជ្រកក្រោមទ្រនំហង្សមាសលោក នីកូ ដែលមានឈ្មោះដើមថា ណុប សម្បតិ្តពុទ្ធិ ហាក់កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយសារទឹកដមសម្លេងពីរោះ រួមជាមួយក្បាច់រាំដ៏ប៉ិនប្រសព្វ អមដោយការតុបតែងខ្លួនប្លែកៗយ៉ាងស្រស់ស្អាត មានភាពច្នៃប្រឌិតខ្ពស់ និងរូបរាងស្រស់សង្ហាមិនចាញ់តារាក្រៅស្រុកនោះឡើយ។

ជាមួយគ្នានេះមកដល់ព្រឹកថ្ងៃទី ២២ ខែឧសភា នេះ ត្រូវបានគេដឹងថាជាថ្ងៃចាប់កំណើតរបស់ម្ចាស់បទ «ថ្ងៃបែកគ្នា»រូបនេះ ដោយផ្អែកទៅលើការបង្ហោះសារជូនពរពីសំណាក់តារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលជាបងប្រុសបង្កើត បានរៀបរាប់ភ្ជាប់ដោយពាក្យពេចន៍យ៉ាងមានអត្ថន័យថា «Happy birthday to my bro NICO សូមអោយមានសំណាងល្អ សុខភាពល្អ កំលាំងមាំមួន មានប្រាជ្ញា មានគំនិត មានជោគជ័យគ្រប់ការងារ និងមានកេរ្តិ៍ឈ្មោះកាន់តែល្បីមានអ្នកគាំទ្រកាន់តែច្រើន ពិសេសជោគជ័យក្នុងមុខរបបរ ឈ្នះអស់មារសត្រូវទាំងពួង»។

ជាមួយសារយ៉ាងមានន័យ និងការយកចិត្តទុកដាក់បែបនេះ គេក៏ឃើញមានតារាប្រុសស្រីជាច្រើនបានចូលមកបញ្ចេញមតិ ជូនពរជាហូរហែផងដែរ ខណៈអ្នកគាំទ្រខ្លះក៏បានសង្កត់ធ្ងន់ថា ពរបងប្រុសពេលនេះឈ្នះអស់ឧបសគ្គ ដ្បិតជូនពរឡើងកក្រើកហ្វេសប៊ុក និងផ្អើលគេតែម្ដង៕