រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ​មហាជន​ និងអ្នកគាំទ្រតារា​ចម្រៀង​កំពុងឡើងកូដ​ក្នុង​​ទ្រនំថោនដែលបានផ្ដល់កុងត្រាបន្ត៥ឆ្នាំ លោក ពេជ្រ ថាណា បាន​ផ្ទុះនូវការកោតសរសើរយ៉ាងខ្លាំង​ចំពោះ​តារារូបនេះ​ ដ្បិត​លោក​បាន​បង្ហាញ​រូបភាព​ពីអតីតកាល​ជាតារាចម្រៀង​តាម​អកកេះ រួមសំណេរ​ភ្ជាប់​បែបលើកទឹកចិត្ត​ និងភ្ញាក់ផ្អើល​ពីជោគវាសនារបស់ខ្លួនថា៖ «ពីមុនខ្ញុំនៅឯណា អ្វីៗទាំងអស់ផ្តើ​ម​ចេញ​ពី​ការតស៊ូ»។

ទន្ទឹម​រូបភាព​ដ៏ភ្ញាក់ផ្អើល​នេះ​អ្នកយកព័ត៌មាន​របស់អង្គភាព តារាញូស៍ បានទំនាក់​ទំនង​លោក ពេជ្រ ថាណា តាមរយៈ​សារអេឡិចត្រូនិច Messenger ដើម្បី​បញ្ជាក់អារម្មណ៍​ពិត​ត្រូវលោក​សង្កត់ធ្ងន់​ថា៖ «រំភើបបង  ព្រោះ​មិន​ដែលគិតថាមានថ្ងៃ​នេះសំរាប់​ជីវិតខ្ញុំ»។

ដល់ចំណុចនេះ​ម្ចាស់បទ «មនុស្សបែកគ្នាហើយមិនជួបគ្នាវិញទេ» បានរំឭកប្រវត្តិ​ដ៏ជូរចត់ និងតស៊ូ​របស់​លោក​ក្នុងការប្រឡូក​អាជីពចម្រៀង​គ្រាដំបូងដែលស្ដាប់​ហើយ​សូម្បីអ្នកសារព័ត៌មាន​យើងក៏​សឹងតែ​ស្រក់ទឹកភ្នែក​តាមដែរ។ «កាលហ្នឹង​ច្រៀងតាម​ហាង​មួយយប់អីបានតែ២ដុល្លារទេ និយាយទៅ​គ្មានលុយ​ត្រូវតែប្រឹងចឹងហើយ»។ ពេជ្រ ថាណា បញ្ជាក់បែបនេះ។

តារាចម្រៀង​ដែលមានដើមកំណើតពីខេត្ត​បន្ទាយមានជ័យរំលេច​ការតស៊ូ​បន្ថែមថា៖ «កាលហ្នឹង ​ច្រៀ​ង​តាមអាហ្វែរការ​មួយយប់អីបានតែ ១៥,០០០រៀលទេ ជិះម៉ូតូឌុប​អស់៥ពាន់រៀល​ ព្រោះអត់អីជិះ​តែចិត្តស្រលាញ់ក៏តស៊ូរហូតមក»។

លោក ពេជ្រ ថាណា ថាលោកធ្លាប់ឆ្លងកាត់ផលិតកម្ម៣រួចមកហើយ​គឺស្តាយ​ល៍មែន, សាស្ដា និងផលិតកម្មថោន សព្វថ្ងៃ។ បច្ចុប្បន្នក្នុង១ខែលោកទទួលបានបទចម្រៀង​២ ឬ៣បទ​ រួមទាំងការងារ​សិល្បៈផ្សេងៗ​ជាហូរហែទាំងខាងផលិតកម្មថោនផ្ដល់ជូន និងទូរទស្សន៍ផ្សេងៗ​ហៅផងដែរ។

ក្រោយ​បទពិសោធន៍ជោគជាំលើ​សមរភូមិឆាកចម្រៀង ឆ្លងកាត់គ្រប់រឿងគ្រប់ឧបសគ្គ រហូត​ជោគជ័យ​ដល់សឹងមិនជឿ ពេជ្រ ថាណា ក៏បានផ្ដាំ​ចែករំលែក​គន្លឹះ​ខ្លះៗជូនអ្នក​ចម្រៀងក្មេងថ្មីៗជំនាន់​ក្រោយ ​តាមរយៈ តារាញូស៍ ថា៖ «ទី១ គឺសម្លេង បើយើងមាន​សម្លេងហើយត្រូវច្រៀង​តាមសម្លេងខ្លួនឯង កុំធ្វើតាមគេ ឬឲ្យដូចគេ ទី២គឺការរៀបចំខ្លួន មានន័យថា ការតុបតែងខ្លួន​ត្រូវចេះ​ធ្វើឲ្យប្លែកផ្លាស់ប្ដូរស្ទីល​ទាញការចាប់​អារម្មណ៍​ពីមហាជន និងសំខាន់បំផុតគឺអត្តចរិត​ថ្លៃថ្នូរ»៕