ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួន រួមជាមួយកូន៤នាក់ភ្លាមៗ ក្រោយបានធ្វើសកម្មភាពកាប់សម្លាប់លើយុវជនម្នាក់ឲ្យដេកស្លាប់ថ្លុកឈាមយ៉ាងអាណោចអាធម្ម ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៤ នឹង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

ជនរងគ្រោះដោយហិង្សាឃោរឃៅនេះមានឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុត ឡេ ភេទប្រុស អាយុ ៣៥ឆ្នាំ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យសាកសព ហើយសន្និដ្ឋានថាជនរងគ្រោះត្រូវបានស្លាប់ដោយហិង្សាពិតប្រាកដមែន ហើយបច្ចុប្បន្នជនសមត្ថកិច្ច កំពុងកំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យយកមកផ្ទន្ទាទោសតាមនីតិវិធីច្បាប់ ៕

ប្រភព ៖ http://cambodiapolice.com/policekh/217614