រាជធានីភ្នំពេញ ​៖ ពិធីករ និងតារាសម្ដែងដ៏ល្បីឈ្មោះលោក ប៉ែន ចំរ៉ុង​ កំពុង​បង្ហាញអារម្មណ៍រំភើបជារឿយៗ​តាមរយៈបណ្ដាញសង្គម​ហ្វេសប៊ុកពីដំណើរ​ដ៏រីករាយ​នៃការទទួលបានកូនដំបូងរបស់ខ្លួន​ជាមួយភរិយាឈ្មោះ ហ៊ុន ម៉ាណេ ដែលអ្នកទាំងពីរ​បានរៀបការ​យ៉ាងអធិកអធម្ម​កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

ក្នុង​ពេលវេលា​ដ៏ត្រេកអរនេះ​ ប៉ែន ​ចំរ៉ុង បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន តារាញូស៍ តាមទូរស័ព្ទ​ដឹងថា ពេលនេះកូនរបស់ខ្លួនមានអាយុ​ជាង៥ខែហើយ ទាំងកូន និងភរិយាសុទ្ធតែមានសុខភាពល្អទាំងអស់។

ចំពោះ​ថ្ងៃដែលត្រូវសម្រាលពិធីករពូកែវោហារ​រូបនេះ​បានបញ្ជាក់ឲ្យ តារាញូស៍ ដឹង​ដោយ​រំភើបថា៖ «ក្នុង​កំឡុងថ្ងៃ១០ជាងគឺ១៧អីហ្នឹង ក្នុងខែកញ្ញា​ខាងមុខនេះ»។ ក្រៅពីកំពុងត្រៀមខ្លួនក្លាយជាឪពុក អ្នកយក​ព័ត៌មាន តារាញូស៍ បានសួរជុំវិញភេទរបស់កូន,លោក ប៉ែន ចំរ៉ុង ថា៖ «សុំលាក់សិន ទុក​ Surprise ដល់បងប្អូនក្នុងថ្ងៃខួបកំណើតរបស់ខ្លួន​ថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ដោយ​ទុកធ្វើជាការទស្សន៍ទាយលេង និងផ្ដល់រង្វាន់តាមបរិយាកាស​កម្មវិធីអីចឹងទៅ ព្រោះមាន​អ្នកចង់ដឹងច្រើនដែរ តែក៏អាស្រ័យលើ​កូវីដដែរចំពោះការជួបជុំ​»។

ជាមួយគ្នានោះ​អ្វីដែលធ្វើឲ្យអ្នកយកព័ត៌មាន​យើងរំភើបជំនួស​នោះលោក ប៉ែន​ ចំរ៉ុង ដែល​កំពុង​មានទាំងជំនួញអចលនទ្រព្យក្នុងដៃ​ក៏បានបង្ហើប​ថា៖ «លោកបានត្រៀមឈ្មោះដាក់ឲ្យកូនរួចហើយ បែបខ្មែរកាត់ចិន»។ ក្នុងនោះ​លោក និងភរិយាក៏​សម្រេចគ្នាថាជ្រើសរើស​យក​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​ដើម្បីសម្រាលតែម្ដង ព្រោះ​ពេទ្យនេះ​មានស្តង់ដារមកពីសិង្ហបុរី ម្យ៉ាងក៏គិតថាបើជ្រើសយកការចេញទៅ​ក្រៅស្រុក​ក៏ពិបាក​ក្នុងការចេញដែរព្រោះស្ថានភាព​កូវីដ។

យ៉ាងណាក្ដី​នៅចុងបញ្ចប់​នៃកិច្ចសន្ទនាជាមួយ តារាញូស៍ តាមប្រព័ន្ធទូរស័ព្ទលោក ប៉ែន ចំរ៉ុង ក៏បង្ហាញថា​ទាំងការងារសិល្បៈ និងមុខជំនួញ បានធ្លាក់ចុះដោយសារកូវីដប៉ុន្តែ​មិនមែនតែលោកទេដែលជួបបញ្ហានេះ។ ក្នុងនោះ​លោក​ក៏សូមលោកដៃសំពះសូមធ្វើការអំពាវ​នាវ​ដល់បងប្អូន​ទាំងអស់​សូមបន្ត​នូវការ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​មេរោគដ៏កាចសាហាវ​​នេះព្រោះវាមិនទាន់​ផុតរលត់​នៅឡើយទេ ដូចបងប្អូន​ជ្រាបស្រាប់​ហើយ​យប់មិញ​ទើបរកឃើញ​ម្នាក់ទៀត។

ប៉ែន ចំរ៉ុង ក៏បន្តដោយទទូចចំពោះបងប្អូនទាំងអស់សូមចូលរួមការពារ​ និងទប់ស្កាត់ទាំងអស់គ្នាដោយ​ប្រើប្រាស់​អាល់កុល ជែល លាងដៃឲ្យបានញឹកញាប់ និងអនុវត្តន៍​តាមវិធានការ​របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ពិសេស​បើពុំមានកិច្ចការអ្វីចាំបាច់ទេសុំ​កុំចេញក្រៅឲ្យ​សោះ​ដើម្បីចូលរួមការពារ​កម្ពុជា​ឲ្យជៀសឆ្ងាយពីកូវីដ១៩៕