រាជធានីភ្នំពេញ ៖ លោក ងួន សុបិន ដែលត្រូវគេស្គាល់​ថាជា​អ្នក​និពន្ធបទចម្រៀងដ៏ល្បី​ឈ្មោះ ហើយបច្ចុប្បន្ន​ក៏កំពុងកាន់ការងារ​ធំក្នុងតំណែង​ជាផលិត​ករ​កម្មវិធី​កំប្លែង​ឲ្យទូរទស្សន៍ថោន បាន​បញ្ជាក់​ឲ្យ តារាញូស៍ ដឹង​លម្អិត​ពាក់ព័ន្ធ​អាជីព​សិល្បៈតាម​រយៈសារអេឡិតត្រូនិច Messenger ថា៖ «ស្ងាត់ដែរហ្នឹង…និយាយទៅ​គ្រប់កម្មវិធី​បានផ្អាកសិន ប្រហែលរង់ចាំ​ដល់កូវីដ១៩រលត់​ផុត​ទើប​មមាញឹកឡើងវិញ»។

ងួន សុបិន ដែលនិពន្ធបទចម្រៀង​ផ្ទុះជាច្រើនឲ្យតារាល្បីៗក្នុងផលិតកម្មថោនបាន​សង្កត់ធ្ងន់ទៀតថា៖ «សព្វថ្ងៃ​ ការងារជាមួយសិល្បៈហ្នឹងមានដែរគឺនៅប៉ុស្ដិ៍​បាយ័ន…បើធៀបមុនកូវីដ​ឥឡូវការងារមាន​ប្រហែល១០ភាគរយអីទេ»។ យ៉ាងណាក្ដីទន្ទឹម​នឹង​ប្រាក់ចំណូលរាងធ្លាក់ចុះបែបនេះលោក​ក៏សូមធ្វើការសំណូម​ពរទៅកាន់ស្ថាប័នធនាគារ ឬហិរញ្ញវត្ថុ​គួរសម្រួល និង​បន្ធូរបន្ថយ​ក្នុងការ​ប្រមូល​ប្រាក់​ពីអតិថិ​ជន​សិនទៅ មិនមែនថាមិនសងទេ តែ​ចំណូល​វាតិចពេកមិនថាតែលោកទេ បងប្អូនដទៃ​ក៏​ជួប​បញ្ហា​ដូចគ្នាដែរ។

បន្ថែម​លើ​ការសំណូមពរនេះអ្នកនិពន្ធល្បីឈ្មោះ ថែមទាំងអាជីពសម្ដែង​កក្រើក​ពិភពសិល្បៈ​ទៀតនោះ​ក៏ធ្វើការ​អំពាវ​នាវ​ដល់បងប្អូនជនរួមជាតិ​ទាំង​អស់​ចូលរួម​ថែរក្សាសុខភាព រក្សាគម្លាតគ្នា រក្សា​អនាម័យ​ដោយ​លាងដៃញឹកញាប់​ជាមួយអាល់កុល ឬជែល បើមិនចាំបាច់កុំចេញពីផ្ទះឲ្យសោះ គេងឲ្យបានគ្រប់គ្រាន់ គោរពតាមការណែនាំ​របស់​ក្រសួងសុខាភិបាល​ និងរាជរដ្ឋាភិបាល ដើម្បីបង្ការ និងជៀសឆ្ងាយ​ពីជំងឺកូវីដ១៩ ដែលកំពុងមានហានិភ័យចំពោះពិភពលោក​នៅឡើយ។

មួយវិញទៀត លោក ងួន សុបិន ក៏​សូម​បងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា​ពាក់​មួក​រាល់ពេលបើកបរម៉ូតូ ឯរថយន្តត្រូវមានឯកសារ​គ្រប់គ្រាន់ ប្រសិនបើបងប្អូន​គោរពបាន​នោះប៉ូលិសចរាចរណ៍នឹងមិនផាកពិន័យចំពោះបងប្អូនឡើយ ចូលរួមទាំង​អស់​គ្នាដើម្បីឲ្យប្រទេសយើង​កាន់តែប្រសើរពិសេស​រឿងកូវីដនេះតែម្ដង​ ឆាប់ធូរស្បើ​យ​គ្រប់ការងារ​នឹងវិលរកភាពប្រសើរទាំងអស់វិញ៕