រាជធានីភ្នំពេញ ៖ ខ្សែជីវិត​តារាកំប្លែង​នាងខ្ញុង បានរីកស្គុសស្គាយ​ដែលសូម្បី​សាមី​ខ្លួន​ក៏សឹងមិននឹកស្មានដល់​ផង​​ក្រោយ​ដើរលើ​វិថីសិល្បៈកំប្លែង​យ៉ាងជោគជ័យ​មហាជនស្គាល់ពេញប្រទេស​ក្រោម​​ការគ្រប់​គ្រងដោយ​ផ្ទាល់​ពីលោក សុវណ្ណ ឫទ្ធី ហៅលោកតាវ៉ិចទ័រ ខណៈ​ក្រោយ​មក​ស្រីស្រស់​បានសម្ដី​រូបនេះ​បានប្រកាស​ចំណងស្នេហ៍រួមតារាកំប្លែង​វង់​តែមួយគឺនាយកៃដ និងបានរៀបការ​តាមប្រពៃណី​យ៉ាងអធិកអធម្ម​ក្នុងបរិយាកាស​ចំពោះ​មុខមេបា​ចាស់ទុំទាំងសងខាង​យ៉ាង​ពេញមុខ​ពេញមាត់សើចគ្រហាញៗទាំងអស់គ្នា​តែម្ដង។

យ៉ាងណាក្ដីជីវិត​គូ​លែង​អី​នឹង​មានការប៉ះទង្គិច​តិច ឬច្រើនអាស្រ័យ​​ការអត់ឱន ជារឿយៗ​នាងខ្ញុង ​តែង​បានបង្ហោះ​ប្រាប់មហាជនផងដែរ​ ប៉ុន្តែ​ភាព​ផ្អែម​ល្ហែមមានច្រើន​ហួស​លុប​អស់ទៅហើយ​ក្រោយអ្នកទាំងពីរ​ទទួលបាន​ចំណងដៃនៃអាពាហ៍ពិពាហ៍​ក្នុង​វ័យ​រាងជ្រេ​បន្តិច​ក្ដីរឹតតែធ្វើឲ្យ​កាន់តែរឹង​មាំ​ក្នុងនាមជាមិត្តភាព​រយឆ្នាំ​ចំណាំក្នុងបេះដូងលុះអវសាន្ត។

រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ​អ្នកគាំទ្រ​ជាច្រើនពិសេស​អ្នកដែល​មិនទាន់​មានគូគាប់​ទ្រនាប់ជីវិត​ផ្ដេកផ្ដិត​ផ្ដោះផ្ដង​កើយខ្នើយរួមរាត្រី​បានបង្ហាញអាការៈព្រឺសម្បុរខ្ញាកៗទឹកមាត់ស្ទើរហៀរផុតពី​បបូរមាត់គ្រប់គ្នា ដោយ​សារតារាកំប្លែង​ឈ្មោះដើម ស្រេង សុកាន់ដា បានបង្ហាញនូវសំណេរ​​មហារំភើប​ជូនពរ​នាយកៃដ ក្នុងថ្ងៃកំណើត​ក្នុងខ្លឹមសារ​ខ្លីន័យជ្រៅទម្លុះ​ដល់បេះដូង​ស្វាមី​ថា៖ «រីករាយថ្ងៃកំណើតណាប្តីសំ​លាញ់ 03.06.2020 អូនសូមអោយបង មានសុខភាពល្អ មានសុភមង្គលក្នុងជីវិតសូមឱ្យបងជោគជ័យគ្រប់​ការ​ងារ​ដែល​​បានបំពេញ»។

បន្តពីសារ​ និងរូបភាពយ៉ាងមានក្ដីសុខ​ក្រោយ​ប្រគល់ជីវិត​ឲ្យស្ថិតក្រោមការគ្រប់គ្រង​របស់​នាយកៃដ​ ក៏ត្រូវអ្នកគាំទ្រ និងស្គាល់​គ្នា​បានចូល​ខមិន​ក្រោមការបង្ហោះរបស់​តារាកំប្លែងស្រី​ដែលធ្លាប់​គេសង្ស័យ​ថាលួចបង្កាត់ភ្លើងស្នេហ៍​ជាមួយ​នាយពាក់មី ប៉ុន្តែ​គ្រប់យ៉ាងមិនដូចការសន្និដ្ឋានឡើយ​ព្រោះពួកគេត្រឹម​ជាមិត្តរួមការងារ​​ធម្មតាប៉ុណ្ណោះ ដោយពាក្យពេចន៍ទទូច​សុំចិត្តបែបចំអន់​លេង​ជាហូរហែស្រដៀងៗគ្នា​ថា៖ «កុំផ្អែមពេកលោកព្រះ អាណិតដល់អ្នកអត់គូផង»៕