រាជធានីភ្នំពេញ ៖​ អតីតតារាចម្រៀង Rock អ្នកនាង អឿន ម៉ូលីកា ដែល​កំពុង​ដេកលើ​លុយ​​ជាមួយជីវភាព​ហ៊ឺហារដ៏ប្រសើរ​ក្រោយចាប់របរជាអ្នកលក់​ឡេ​ ខណៈជីវិត​ប្រពន្ធប្ដី​វិញ​ត្រូវតារារូបនេះ​ធ្លាប់ប្រកាស​លែងលះយ៉ាងក្ដៅគគុក​ម្ដង​រួចទៅហើយ​ក្រោយ​ទ្រាំទង្វើ​ប្ដី​របស់ខ្លួនមិនបាន​ដោយសម្ដីធ្ងន់ៗ​ប្រៀបបាន​ដុំដែក​ដុតក្ដៅ​មួយដុំ​កំពុងសំងំលាក់ខ្លួន​​​ក្នុងទ្រូង​ ប៉ុន្តែរំលង​មិនបាន​ប៉ុន្មានថ្ងៃផងប្រហែល​ជាទទួលបាន​ទឹកអម្រឹត​ពីទេវតា​ទើប​ធ្វើ​ឲ្យ​រូបនាង​​នឹង​ប្ដី​ល្អូកល្អិន​ពោលពាក្យប្រពន្ធប្ដីឡើងវិញ​ផ្អែម​ទ្វេដង​។

យ៉ាងណាក្ដី​កាលពីព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ ស្រាប់តែ​​ផ្ទុះ​រឿងថ្មី​ស្រីស្រស់​ថៅកែឡេចាយលុយបាច់ៗ​ហែកកេរ្តិ៍ប្ដី​យ៉ាងចាស់ដៃ​ថាកំពុង​មានស្រីថ្មីធ្វើឲ្យខ្លួន​ពុំអាចដេកលក់​ពេញមួយយប់ទៅហើយ​ដោយសំណេរ​ព្រលះ​លែងទុកមុខឲ្យថា៖ « Mummy ពិបាកចិត្តដេកមិនលក់ ព្រោះប្ដីមានលួចមានស្រី តើមានអ្នកណាយល់អារម្មណ៍មួយនេះទេ ?ម៉ោង4:30ហើយ»។

មិនបញ្ចប់​ពាក្យពេចន៍ប៉ុណ្ណេះឡើយភរិយាលោក ឆានុន ក៏នៅ​បន្ត​សារ​ទំនង​ជាមិនចង់ផ្សះផ្សារ​ ថែមទាំង​ហៅស្រីស្នេហ៍ស្វាមី​ដែលខ្លួន​កំពុងឱបរាល់រាត្រីយ៉ាងដាច់សាច់​ក្នុងសំណេរ​ខ្លីទៀតថា៖ «ត្រឹមកូនម្នាក់ខ្ញុំ​ចិញ្ចឹមរស់ហើយ មិនបាច់មកតាមចង់កម្មពៀរនឹងខ្ញុំទៀតទេ ទៅនៅជាមួយពួកមីស្រីសំផឹងនឹងចុះ»។ ម៉ូលីកា បានបន្តគម្រាម​ទម្លាយរូប និងសកម្មភាពស្វាមីយកស្រី​ឡើងហូបសាច់ក្ងានសួគ៌​ទៀតថា៖ «ខ្ញុំមានភស្ភុតាង​ពេលអ្នកទៅយកស្រីដេក​អ្នកណាចង់មើលចាំខ្ញុំ liveអោយមើល ឃ្លីបសំលេង»។

ជុំវិញ​រឿង​រ៉ាវដ៏ក្ដៅគគុក​ស្មើ​នឹងសមរភូមិ​ប្រយុទ្ធ​ស៊ីសាច់ហុត​ឈាម​ចង់​បញ្ឈប់​មិនឲ្យកូន​បាន​ឃើញមុខ​ឪពុក​នេះអង្គភាពសារព័ត៌មាន​ តារាញូស៍ ក៏បានទាក់ទងទៅកាន់​អ្នកនាង អឿន ម៉ូលីកា ដើម្បីបញ្ជាក់ពីគោលជំហរ​ជាមួយស្វាមី​ក្នុងការបន្ត​ ឬបញ្ចប់ត្រឹម​នេះ​ ប៉ុន្តែ​ទូរស័ព្ទខលចូល​មិនមានអ្នកទទួលនោះឡើយ។

ក្នុងនោះ​ក្រៅពីសារ​ធ្ងន់​ទម្ងន់​​មិនតិចតោន​ នៅថ្ងៃត្រង់មុននេះ​នាង​ក៏បានធ្វើការឡាយ​វីដេអូ​ដើម្បី​បង្ហាញខ្លះៗ​ដែរ ប៉ុន្តែ​ក្នុង​ទឹកមុខ​ហាក់​ខំខាំមាត់សង្កត់ចិត្តហួសហេតុ​ ថែមទម្លាយ​អត្តសញ្ញាណគូស្នេហ៍​របស់លោក ឆានុន ជាស្វាមីថា៖ ជាអ្នកលក់ឡេដែរ មុខចាស់រាងតូច តែទ្រូងធំ។ «ម្នាក់ស្រីប្ដីខ្ញុំនឹងវាអ្នកលក់ឡេដែរហើយ លក់ឡេ​ប្រហែលមិនសូវដាច់ហើយបាន លក់ខ្លួនទៀត ចង់ឃើញមុខស្រីម្នាក់នឹងទេបងប្អូន»។ ម៉ូលីកា បន្ថែម​ក្នុងសំនេររបស់ខ្លួន។ បន្តគ្នានោះ​ក៏មាន​ការជជីកសួរ​ពី​មហាជនបន្ថែម​ផងដែរ ប៉ុន្តែ​ត្រូវអតីតអ្នកចម្រៀង​របស់រ៉ក់​ដែលកំពុងមានផ្ទៃពោះ​នេះ​ពុំទាន់លម្អិត​ច្រើននៅឡើយ​៕