រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាចម្រៀងរក្សាប្រជាប្រិយភាពបានច្រើនឆ្នាំអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីក្មេងៗសិស្សសាលាជាច្រើននាក់ មានទឹកមុខពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយក្រៃលែង ឈរកាន់សៀវភៅ និងក្រដាសសដែលសរសេរថា អំណោយកញ្ញា ពេជ្រ សោភា សំណេរមួយឃ្លានេះ បានបញ្ជាក់ឲ្យឃើញថា តារាចម្រៀងរូបនេះ បានធ្វើទង្វើសប្បុរសធម៌ ដោយការផ្ដល់សម្ភារៈសិក្សានានាជូនក្មេងៗដែលកំពុងខ្វះខាត។

សកម្មភាពល្អប្រពៃនេះត្រូវបានឲ្យដឹងតាមរយៈ សំណេរភ្ជាប់របស់ម្ចាស់បទ «អូនយំបងលួងគេ» ដោយរៀបរាប់សឹងស្រក់ទឹកភ្នែកប្រាប់រឿងដើមខ្លួនដែលពុំសូវទទួលបានការអប់រំច្រើន និងយល់ច្បាស់ពីអារម្មណ៍នេះដោយសំណេរដូច្នេះថា៖ «ព្រោះតែមីងមិនបានរៀនសូត្រច្រើន ហើយយល់អារម្មណ៍ក្មួយៗចង់បានសម្លៀកបំពាក់ថ្មី កាបូបថ្មី នឹងសៀវភៅថ្មី សុំទោសផងណាមីងមិនបានទៅផ្ទាល់ត្រឹមមើលតាមរូបថតមីងក៏សប្បាយនៅក្នុងចិត្តហើយ»។

បន្តពីការរៀបរាប់ខាងលើស្របពេលដែលប្រវត្តិរបស់អ្នកនាង ពេជ្រ សោភា ដែលត្រូវមហាជនធ្លាប់ដឹងថាតស៊ូខ្លាំងណាស់ទើបបានល្បី និងជោគជ័យខ្លាំងដូចសព្វថ្ងៃនេះ ក្នុងនោះក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរពីសំណាក់អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ ចំពោះទង្វើដែលមនុស្សគ្រប់គ្នា គួរយកគម្រូតាមនេះផងដែរ៕